ព័ត៌មានសិល្បៈ និងកម្សាន្ត

សំ ប៉ូលីដា ស្បថឲ្យក្រមួយជីវិត បើប្ដីវ៉ៃឲ្យរបួស

ភ្នំពេញៈ ខណៈដែលសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សាយព័ត៌មានលេចឮតាមគ្នាថា អ្នកនាងមានរបួសធ្ងន់ធ្ងរ ដោយសារតែស្វាមីវ៉ៃ នឹងបំពង់ទីប បណ្ដាលឲ្យបាក់ជើង និងរយះច្រមុះនោះ អ្នកនាងសំ ប៉ូលីដា បានចេញមុខប្រតិកម្មលើបញ្ហានេះ។ អ្នកនាងនិយាយថា បើប្ដីធ្វើរឿងដូចអ្វី ដែលខ្លួនបានទទួលមែន អ្នកនាងមិនឆ្កួតដល់ទុកមុខឲ្យនោះទេ។ ជាមួយគ្នានោះដែរ អ្នកនាងក៏ស្បថឲ្យក្រមួយជីវិតផងដែរ បើស្វាមីពិតជាវ៉ៃដល់ថ្នាក់ហ្នឹងមែន។

អ្នកនាងបានថ្លែងប្រាប់ Post News មុននេះបន្តិចថា អ្នកនាងមានរបួសដល់ថ្នាក់បាក់ជើង និងមានរបួសលើមុខធ្ងន់ធ្ងរ គឺមិនពាក់ព័ន្ធនឹងស្វាមីវ៉ៃតប់នោះទេ ។ អ្នកនាងយល់ថា ការចុះផ្សាយដែលមានលក្ខណៈប៉ាន់ស្មានតាមរយៈស្នាមរបួសនោះ គឺជាការបង្កាច់បង្ខូចចំពោះអ្នកនាង និងស្វាមីដោយផ្ទាល់។ អ្នកនាងពន្យល់ថា នៅយប់ថ្ងៃទី៣នោះអ្នកនាងពាក់ស្បែកជើងកែងឡើងលើគ្រែក្នុងហាង ដែលខ្លួនធ្វើការ ហើយដោយប្រញាប់រត់យកទឹកកកឲ្យភ្ញៀវ ក៏ស្ទុះចុះមកក្រឡាច់និងកែងស្បែកជើង បណ្ដាលឲ្យកាច់ជើងនិងគ្រែ រួចដួលបោកផ្ទប់ និងតុ ហើយដោយសារតែនាងប្រឹងទប់ ក៏យកថូទឹកកកមកទប់តុ ទើបបណ្ដាលឲ្យមុខរបស់អ្នកនាងបោកផ្ទប់និងថូទឹកកកផង រួចអុកនិងតុផង បណ្ដាលឲ្យរយះច្រមុះ និងហើមមុខមួយចំហៀង។ដោយឡែកចំពោះភ្នែកជាំទាំងសងខាងនោះវិញ អ្នកនាងពន្យល់ថា គឺដោយសារតែអ្នកនាងមានជំងឺទឹកនោមផ្អែម ទើបបណ្ដាលជាជាំបែបហ្នឹង នៅពេលមានការប៉ះទង្គិចមុខ និងគេងមិនសូវលក់ប៉ុណ្ណោះ។

អ្នកនាងនិយាយថា «អត់ទេអ្នកថា ខ្ញុំប្ដីវ៉ៃនឹង គាត់បំផ្លើសខ្ញុំហើយ បើមិនជឿមកសួរអ្នកនៅក្នុងហាងក៏បាន មកសួរភ្ញៀវ ដែលគាត់មកផឹកស៊ីកាលថ្ងៃទី៣ សីហា នឹងក៏បាន ហើយបើនៅតែថា ប្ដីខ្ញុំវ៉ៃខ្ញុំទៀត ខ្ញុំស្បថឲ្យក្រមួយជីវិតកុំឲ្យមានស៊ីរួច!»

អ្នកនាងបានសារភាពថា ស្វាមីពិតជាធ្លាប់បានប្រើអំពើហិង្សាក្នុងពេលជជែកគ្នាម្ដងៗខ្លះមែន ប៉ុន្តែគ្រាន់តែជាបិទបន្ទប់ទុកអ្នកនាងចោល ឬច្រានអីតិចតួចនៅពេលអ្នកនាងផឹកស្រវឹងប៉ុណ្ណោះ។ ប៉ុន្តែចំពោះអ្វីដែលបានកើតឡើងកាលពីយប់ថ្ងៃទី៣ សីហានោះ គឺអ្នកនាងសូមស្បថមួយរយភាគរយថា អត់ពាក់ព័ន្ធនឹងរឿងប្ដីវ៉ៃទេ។ អ្នកនាងបានបង្ហាញការហួសចិត្តចំពោះអ្នកនិយាយថា អ្នកនាងត្រូវប្ដីវាយនឹងបំពង់ទីប ខណៈដែលអ្នកនាងនិយាយថា បើប្ដីធ្វើដល់ថ្នាក់នោះមែន គឺអ្នកនាងលើសពីមនុស្សឆ្កួតទៅទៀត បើនៅតែការពារមុខមាត់ឲ្យប្ដី៕

photo_2016-08-12_12-02-17Sompo lida (5)Sompo lida (4)Sompo lida (3)Sompo lida (2)Sompo lida (1)

មតិយោបល់