ភ្នំពេញ:សមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកស្រី ថុង ស៊ីវទៀង និងតារាសិល្បៈ ជាច្រើននាក់ទៀត ជាក្រុមប្រឹក្សាសមាគម បាននាំយកបច្ច័យថវិកាចំនួន ១លានរៀល ទៅប្រគល់ជូនដល់គ្រួសារសពរបស់អ្នកនាង ហួត សារ៉ាវឌី និងលោករាជ បូរី ក្នុងពិធីបុណ្យ ៧ថ្ងៃ របស់អ្នកទាំងពីរ។ បច្ច័យជាទឹកប្រាក់ សម្រាប់ចូលបុណ្យ និងរំលែកទុក្ខ ដែលបានប្រគល់ជូននេះ ត្រូវបែងចែក ក្នុងមួយគ្រួសារ ៥០ម៉ឺនរៀល ដោយក្រៅពីថវិការបស់សមាគម ស្ថាប័ននេះ ក៏បានដឹកនាំតារាសិល្បៈ យ៉ាងច្រើនកុះករ ឲ្យចូលរួមផ្តល់កិត្តិយស នៅក្នុងថ្ងៃនោះផងដែរ។
តារាសិល្បៈ ដែលបានបង្ហាញនៅក្នុងកម្មវិធីនោះ នៅល្ងាចថ្ងៃទី២១ មេសា ២០១៦ នេះ ត្រូវគេកត់សម្គាល់ថា បានទៅចូលរួម ក្នុងពិធីបុណ្យ ៧ថ្ងៃរបស់សពលោក រាជ បូរី ផង និងរបស់អ្នកស្រី សារ៉ាវឌី ផង ដោយសារតែពិធីបុណ្យទាំង២ ធ្វើឡើងចំថ្ងៃជាមួយគ្នា និងនៅវត្តក្បែរគ្នា ទៀតផង។ វត្តមានតារាទាំងនោះ រួមមាន អ្នកនាង ចាន់ តារាទី, អ្នកនាង ឈួន សុវណ្ណឆៃ, អ្នកនាង ស៊ុន ណារី ម៉ូនីកា, តារាចម្រៀងប្រចាំផលិតកម្ម រួមមាន លោក សន វិជ្ជបុត្រ, លោក យ៉ែម សំអូន, លោក សាយ សៀរ៉ា, លោក សាហ្វីន ហ្វីលីព, កញ្ញា នៅ សូនីតា, កញ្ញា អ៊ឹង និមល, អ្នកនាង សូដា នីតា, លោក មាស សុខរតនៈ, លោក ខេន វណ្ណថាត់, លោក ម៉ាដូណា, លោក អ៊ឹម ជីវ៉ា, តារាសម្ដែងហ្សូ ភេទទី៣ រួមមាន នីតា, លោក បញ្ញា សិទ្ធិ, លោក ប៉ែន ចាន់សិទ្ធិ, កញ្ញា ថន លក្ខិណា, លោក ឈឿន ឧត្តម, កញ្ញា លី ច័ន្ទសីហា, និងផលិតករ រួមទាំងតារាល្បីឈ្មោះ ជាច្រើនផ្សេងទៀត ដែលត្រូវគេកត់សម្គាល់ថា បណ្ដាក់គ្នាទៅចូលរួម មិនសូវដាច់នោះទេ រហូតដល់ពេលយប់ និងបញ្ចប់កម្មវិធី តែម្តង។ កម្មវិធីនេះ ធ្វើឡើងនៅវត្តចាក់អង្រែលើ សម្រាប់បុណ្យ ៧ថ្ងៃអ្នកស្រីសារ៉ាវឌី និងនៅ វត្តចាក់ចង្រែក្រោម សម្រាប់បុណ្យ ៧ថ្ងៃរបស់លោក រាជ បូរី។
លោក សន វិជ្ជបុត្រ តារាចម្រៀងប្រចាំផលិតកម្ម M បានអះអាងថា ការបរិច្ចាគរបស់សមាគម ក្នុងមួយគ្រួសារ ៥០ម៉ឺនរៀល បើទោះមិនច្រើន ក៏ជាទឹកចិត្ត រួមចំណែករបស់សមាគម ជួយដល់ក្រុមគ្រួសារសពទាំងពីរ ផងដែរ ដើម្បីបង្ហាញថា តារាសិល្បៈ ក៏បានរួមចំណែក និងចេះជួយគ្នា ក្នុងគ្រាមានអាសន្ន។ លោកយល់ថា តារាសិល្បៈ បើរួមសហការគ្នា ចូលជាសមាជិករបស់សមាគម បានកាន់តែច្រើន នោះកម្លាំងតារាសិល្បៈ នឹងកាន់តែធំ ដើម្បីឲ្យមានព័ត៌មានណាមួយ ពាក់ព័ន្ធនឹងតារាសិល្បៈ គឺបានរួមចំណែកទាំងអស់គ្នា។
យ៉ាងណាមិញ លោកបន្តថា តារាសិល្បៈ ដែលបានចូលរួមក្នុងកម្មវិធីបុណ្យ ៧ថ្ងៃរបស់តារាទាំងពីរដួង នៅមិនទាន់ច្រើនណាស់ណានៅឡើយទេ បើធៀបនឹងចំនួនសិល្បករល្បីឈ្មោះ ដែលមានរហូតដល់រាប់រយនាក់ នៅក្នុងពិភពសិល្បៈ។ លោកបន្ថែមថា តារាសិល្បៈ គួរតែរួមកម្លាំងគ្នា ឲ្យច្រើនជាងនេះ ហើយបើទោះជាក្នុងតារាម្នាក់ៗ មិនមានលទ្ធភាពចែករំលែកប្រាក់កាស ក៏អាចបង្ហាញពីការសហការ និងធ្វើឲ្យមើលឃើញថា តារាសិល្បៈ ចេះរួមសុខទុក្ខគ្នា នៅក្នុងវិស័យសិល្បៈ ផងដែរ។
ខាងក្រោមនេះ ជាទិដ្ឋភាពរបស់តារាសិល្បៈ ចូលរួមក្នុងពិធីបុណ្យ ៧ថ្ងៃរបស់អ្នកស្រី សារ៉ាវឌី និង លោករាជ បុរី ក្នុងថ្ងៃទី២១ មេសា ២០១៦ នេះ៖
មតិយោបល់