ភ្នំពេញៈ ខណៈដែលតារាចម្រៀងភាគច្រើនទទួលនូវការរិះគន់កាន់តែខ្លាំងពីការច្រៀងបទចម្លងមិនថា បទចម្លងពីបរទេស ឬបទចម្លងពីបទជំនាន់ដើម តារាចម្រៀងល្បីឈ្មោះ គឺលោក ខេម បានបង្ហាញអារម្មណ៍ស្ទាក់ស្ទើរនៅពេលសួរថា តើលោកនឹងឈប់ច្រៀងបទចម្លងបន្តទៀត ឬយ៉ាងណា ។ យ៉ាងណាមិញ លោកបានឆ្លើយថា ខ្លួនចង់មានបទ Original Song គ្រប់បទដូចគ្នានឹងការចង់បាន ប៉ុន្តែមកពីកិច្ចការនេះគឺអាស្រ័យលើការរៀបចំរបស់អ្នកនិពន្ធ និងផលិតកម្មទើបលោកស្ទាក់ស្ទើរប្រកាសជំហរ។
ឆ្លើយតបទៅនឹងការជជីកសួររបស់ពិធីករ និងពិធីការិនីក្នុងពេលឡើងឆាកកាលពីចុងសប្ដាហ៍ លោក ខេម បានអះអាងថា លោកមិនហ៊ានបញ្ចេញជំហរថា ឈប់ច្រៀងបទចម្លង ឬបន្តនោះទេ ដោយសារតែភាពជាក់ស្ដែង គឺលោកទទួលបានបទចម្រៀងអាស្រ័យតាមការរៀបចំ។ លោកថា ខ្លួនចាប់ផ្ដើមមើលឃើញពីសន្ទុះនៃការគាំទ្របទភ្លេងថ្មី ហើយលោកក៏គ្រោងនឹងធ្វើបទថ្មី ដើម្បីប្រកួតប្រជែងនោះដែរ នៅក្នុងកាលៈទេសៈដែលមនុស្សកាន់តែច្រើនលែងចង់ស្ដាប់បទចម្លង។
លោកបានថ្លែងថា ខ្លួនមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលតារាភាគច្រើនប្រកាន់ជំហរឈប់ច្រៀងបទចម្លង មិនថា បទចម្លងពីបរទេស ឬបទចម្លងពីស្នាដៃចាស់ៗ ប៉ុន្តែអ្វីៗស្ថិតនៅលើផលិតកម្មប៉ុណ្ណោះ។ យ៉ាងណាមិញ លោកថា ក្នុងមួយរយៈចុងក្រោយ ខ្លួនបានព្យាយាមគាស់កកាយប្រភេទបទចាស់ៗ ក្នុងជំនាន់ ស៊ីន ស៊ីសាមុត យកមកច្រៀងកែបារ៉ូលជាថ្មីឡើងវិញ ដោយចាត់ទុកថា អ្វីដែលលោកបានធ្វើ បានជួយបទកប់ចោលមួយចំនួនទទួលបានការចាប់អារម្មណ៍ផងដែរ។ លោកបានលើកឧទាហរណ៍បទចម្រៀង «អ្នកណាចង់ក្រ» លំនាំបទ«ដឹកប្រពន្ធទៅរាំ» បទ«ជីវិតក្មេងពាល» លំនាំបទ«ដំណើរឆ្លងដែន» និងបទ«ជីវិតអ្នកប្រដាល់»ចុងក្រោយលំនាំបទ«ជ្រោះអូរយ៉ាដា» គឺសុទ្ធតែជួយឲ្យបទចម្រៀងដើមកាលពីអតីតកាលត្រូវគេលើកមកស្ដាប់ និងមកច្រៀងជាថ្មី ដូចបទដែលលោកឧទាហរណ៍នេះជាដើម។ ប៉ុន្តែការលើកឡើងរបស់លោកក៏ត្រូវមនុស្សមួយក្រុម រិះគន់ថា ជាតារាដែលល្បីដោយសារតែបទមរតកដើម ហើយមិនមានអ្វីថ្មីជារបស់ខ្លួនឯងនោះផងដែរ។
លោក ខេម បានដាក់គម្រោងផលិតបទ Original Song ប៉ុន្តែគេមិនទាន់ឃើញតារារូបនេះ រៀបក្រុមនិពន្ធបទថ្មីដូចគ្នានឹងមាស សុខសោភា លោក ករុណា ពេជ្រ និងលោក សុគន្ធ ថេរ៉ាយុ នៅក្នុងផលិតកម្មថោននោះទេ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺបទកាលៃបទ«ជ្រោះអូរយ៉ាដា»របស់លោកត្រូវបានអ្នកស្ដាប់បញ្ចេញប្រតិកម្ម ដោយសារតែខ្លឹមសារនៅក្នុងចម្រៀងនោះ មានការប្រៀបប្រដូចកីឡាករទៅនឹងសត្វតិរិច្ឆាន៕
មតិយោបល់