ភ្នំពេញៈ បើទោះជាបានចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត តាំងពីថ្ងៃ១៩ សីហា ម្សិលមិញ ក៏ស្ថានភាពសុខភាពរបស់តារាសម្ដែងលោក សាវិន ហ្វីលីព នៅមិនទាន់ដូចដើមនៅឡើយទេ។ លោកអះអាងថា បើការបញ្ជូនទៅកាន់មន្ទីរពេទ្យនាយប់នោះ យឺតត្រឹមតែ១០នាទីនោះលោកនឹងស្លាប់ជាក់ជាមិនខាន។
លោកថ្លែងប្រាប់ Post News ទាំងភាសាល្វើយៗថា ក្រោយពីបានដឹងខ្លួន នឹងទទួលការសង្គោះបន្ទាន់ លោកបានធូរច្រើនហើយ ប៉ុន្តែសុខភាពនៅហត់ នៅតែទ្រុឌទ្រម និងអស់កម្លាំង។ លោកបានរំឭកហេតុការណ៍ដួលសន្លប់នោះថា ក្រោយពីត្រលប់មកខេត្តសៀមរាបក្នុងគម្រោងចុះចែកអំណោយវិញ នាវេលាម៉ោង៧យប់ថ្ងៃទី១៧ សីហា លោកក៏សម្រេចចិត្តទៅហាត់ប្រាណ ដោយសារតែមានសភាពធីងធោងមិនសូវស្រួលខ្លួន និងរាងចុកដៃចុកជើង ព្រោះតែការធ្វើដំណើរផ្លូវឆ្ងាយផង។ ប៉ុន្តែទៅដល់កន្លែងហាត់ប្រាណត្រឹមតែ២០នាទីប៉ុណ្ណោះ ក៏មានសភាពវិលមុខ និងគាំងបេះដូងរហូតដួលសន្លប់លែងដឹងខ្លួនតែម្ដង។
លោកថា មុនពេលទន់ខ្លួនដល់ថ្នាក់សន្លប់នោះ មានបុគ្គលិក និងអ្នកហាត់ប្រាណក្បែរលោកបានស្ទុះមកជួយ និងធ្វើចលនាបេះដូងឲ្យលោកជាច្រើន ប៉ុន្តែមិនមានលទ្ធផលទេ ទើបលោកត្រូវបានគេដឹកដោយរ៉ឺម៉កកង់បីទៅមន្ទីរពេទ្យកាល់ម៉ែត។ លោកថា គ្រូពេទ្យបានសរសើរគ្រប់គ្នាថា លោកមានសំណាង ព្រោះបើយឺតជាងនេះតែ១០នាទី បើទោះជាលោកមិនស្លាប់ក៏ពិការដែរ ដោយសារតែសភាពបេះដូងឈប់ដើរ នាពេលនោះ គឺសម្ពាធឈាមឡើងដល់១៩ ហើយបុកដល់សរសៃខួរក្បាល។
លោកនិយាយថា «សំណាងចេះខ្ញុំអត់មានជំងឺលើសឈាម កុំអីក្នុងពេលឈាមឡើងនឹងបុកសរសៃខួរក្បាលធ្វើឲ្យដាច់សរសៃឈាមខួរក្បាលទៅជាពិការហើយ!»។ លោកថា ក្នុងពេលធ្វើទុក្ខ លោកមើលឃើញក្ដីស្លាប់មកនៅក្បែរតែម្ដង ដោយសារតែក្នុងពេលនោះ គឺលោកពិបាកក្នុងខ្លួនរកអ្វីមករៀបរាប់អត់បាន ក្នុងពេលដែលទូរស័ព្ទរបស់លោកក៏ធ្លាក់នៅកន្លែងហាត់ប្រាណ រកតែឲ្យអ្នកជូនទៅពេទ្យខលប្រាប់ប្រពន្ធកូនអត់បាន។ លោកថា គ្រូពេទ្យបញ្ជាក់ថា បើយឺតត្រឹមតែ១០នាទី លោកនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែបេះដូងរបស់លោកគាំងគ្មានចលនា ដែលមិនអាចឲ្យឈាមហូរឆ្លងកាត់បាននោះ។
លោកបានប្រកាសអរគុណចំពោះអ្នកគាំទ្រដែលបានសម្ដែងក្ដីបារម្ភចំពោះលោក ជាពិសេសគឺតារាសិល្បៈដែលស្ថិតក្នុងGroup «គ្រួសារតារាកម្ពុជា» ដែលបានផ្ញើសារសួរសុខទុក្ខលោកយ៉ាងច្រើនស្កេកស្កះ ហើយលោកមិនបានតបក្នុងពេលមិនដឹងខ្លួន៕
មតិយោបល់