មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា << យើងធ្វើដូចម្ដេចនឹងបានអេះ ? ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកម្លោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធ នោះដើរមកដល់, ក៏កម្លោះម្នាក់នោះវាសួរថា << នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន >> ។ បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។ លុះកម្លោះម្នាក់ បររទេះមកដល់វាធ្វើជាសួរថា << នេះហៅអ្វី ? អ្នក ! ។ បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា << គេហៅរទេះ។ មែនឬអ្នក ? ។ បុរសនោះថា << មែន >>។ << បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ>>។បុរសនោះសួរថា << អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ? ។ កម្លោះនោះថា << បើខ្ញុំចាញ់ ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ << សុំតែប្រពន្ធអ្នក >> ។ បុរសនោះគិតថា ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ ។ ទើបកម្លោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កម្លោះអ្នកបររទេះប្រាប់ថា << នេះគេហៅចន្ទោល>>។ ចង្អុលសួរទៅនឹមថា << នេះគេហៅនឹម >> ។ << នេះគេហៅទូក >> << នេះគេហៅទ្រាយ >> << នេះគេហៅប្រែក >> << នេះគេហៅកង់ >> << នេះគេហៅខ្នងកង់ >> << នេះគេហៅត្រពង >> ដល់ឆ្លើយរួចសព្វគ្រប់ កម្លោះនោះសួរទៅបុរសជាប្ដីថា<< ឥឡូវ គេមិនហៅរទេះទេ បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេៗ ដណ្ដើមយកប្រពន្ធទៅបាន ។ បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រមៗ ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កម្លោះទាំងពីរនាក់នោះវាសូកចៅក្រមៗកាត់សេចក្ដីថា << ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ >> ។ បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយៗសួរថា << ថ្វីបានជាយំបង ? >> ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា << បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ >> ។ បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយៗ ស៊ីចេករួចហើយ ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា << លោកកាត់សេចក្ដីគេនោះ តើដូចម្ដេចខ្លះ ? >>។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា << លោកកាត់សេចក្ដី មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង ឲ្យសុខចិត្តទាំងពីរខាង >> ។ សុភាទន្សាយ សួរកម្លោះដែលយកប្រពន្ធគេមកនោះថា << អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ? >> ។ បុរសនោះឆ្លើយថា << ដាក់ប្រពន្ធ >> ។ សុភាទន្សាយ សួរទៅកម្លោះនោះថា << ត្រង់ណាហៅប្រពន្ធ >> បើអ្នករកឃើញយកទៅចុះ បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ>>។ កម្លោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា << នេះគេហៅជើងទេ >> វាចាប់ត្រង់នេះ ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ << ប្រពន្ធ >> ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់ ត្រពង រួមទាំងអស់នេះទៅ ទើបហៅថា<< រទេះ>> បើដូច្នេះ ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ >> ។ សុភាទន្សាយឲ្យកម្លោះនោះ យកប្រពន្ធមកវិញ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា << បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ >> ។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់ លើកដៃសំពះសុភាទន្សាយថា << លោកបងកាត់សេចក្ដីនេះ ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន >> ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់