Update: បទចប់នេះ មិនត្រឹមតែចម្លងការសម្ដែងតាមថៃប៉ុណ្ណោះទេ សូម្បីតែទំនុកភ្លេងក៏យកពីថៃផងដែរ។
ខាងក្រោមនេះ ជាបទភ្លេងដែលថោនចម្លងតាមពីថៃ៖
ព្យុះព័ត៌មានមិនទាន់បានស្ងប់ស្ងាត់ផង ស្រាប់តែលេចឭព័ត៌មានរិះគន់ យ៉ាងចាស់ដៃទៅលើ តារាចម្រៀងល្បីមួយដួង ករុណា ពេជ្រ ប្រចាំផលិតកម្ម ថោន ទាក់ទិននឹងរឿង យកស្ទីលសម្តែងបទចម្រៀងរបស់គេ តាមរយៈបទថ្មីរបស់លោក ក្រោមចំណងជើងថា “ចប់” ។
តាមរយៈបទថ្មីនេះដែរ ត្រូវបានមហាជន អង្កេតយ៉ាងច្បាស់ក្រឡែតថា ពិតជាយកស្ទីលតាមគេទាំងស្រុងមែន ដោយផ្តើមចេញពីតៀមកាហ្វេ មានក្តាអុក ស្ទីលអាវ សឹងតែដូចគ្នា ខំតែរកទិញមិនបានម្លេះ ដាក់ឲ្យត្រូវបេះបិទតែម្តង ។ អ្វីដែលកាន់តែដូចជាងនេះទៅទៀត គឺតារាសម្តែងក្រមិចក្រមើម ជីវ័ន ដែលមានសក់ឡើងបះសព្រោង គឺកាន់តែដូចទៅនឹងតារាសម្តែងម្នាក់ក្នុងបទចម្រៀងថៃ ដែលអ្នកដឹកនាំលួចចម្លងសុទ្ធសាធ ពោលគឺគ្រាន់តែ កែកុន និងបញ្ចូលបន្ថែមពីគេតែប៉ុណ្ណោះ។ ដោយឡែកមហាជនផ្សេងទៀត បានលើកឡើងថា អ្នកដឹកនាំបទចម្រៀង “ចប់” របស់ ករុណា ពេជ្រ ប្រហែលជាគ្មានគំនិតអភិវឌ្ឍន៍ ដែលផុសចេញពីគំនិតខ្លួនឯងទេមើលទៅនោះ ដោយចម្លងគ្មានចន្លោះណាឡើយ ។
ការចម្លងរបស់តារាខ្មែរ និងអ្នកដឹកនាំខ្មែរ មួយចំនួន មិនចេះចប់មិនចេះហើយ បានរងការរិះគន់យ៉ាងចាស់ដៃពីមហាជន ។ដោយមួយរយៈមុននេះដែរ បទចម្រៀងរបស់លោក ខាន់ ជែមស៍ “កំដរសង្សារគេឈឺចាប់” ក៏ជាបទចម្លងកាយវិការសម្តែង ក្នុងបទថៃទាំងដុល ដោយគ្មានចន្លោះផងដែរ ។ រំឭកពី មុននេះដែរ តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏ត្រូវបានស្ថានីយ៍ទូរទស្សន៍កូរ៉េចាក់ផ្សាយថា តារាចម្រៀងរូបនេះ ចម្លងស្ទីលរាំ ពីតារាចម្រៀងរបស់ពួកគេ ចាក់ឲ្យប្រជាជនកូរ៉េមើល ដែលធ្វើ ធ្វើឲ្យតារាចម្រៀងសំឡេងធ្ងន់រូបនេះ បាក់មុខមិនស្ទើរនោះទេ។ និយាយឲ្យកាន់តែស៊ីជម្រៅរឿង ចម្លងតាមគេនេះដែរ ផលិតកម្មដ៏ធំក្នុងប្រទសកម្ពុជាក៏ត្រូវបានគេចោទប្រកាន់យកបទរបស់ក្រុម Wonder Girls ក្រោមចំណងជើងថា “Nobody” ដោយយកទាំងស្ទីលរាំ និងទំនុកភ្លេងតែម្តង ដែលធ្វើឲ្យម្ចាស់ផលិតកម្ម បង្ខំចិត្តដកបទចម្រៀងនេះ ខណៈដែលមិនទាន់ចេញលក់ស្រួលបួលលើទីផ្សារ។
ជាមួយនឹងទង្វើរបែបនេះ វាមិនខុសពីពាក្យថា “បទចម្រៀងស្លាប់មុនម្ចាស់” ដែលខុសពីបទចម្រៀងដើម “ម្ចាស់ស្លាប់មុនបទចម្រៀង” ហើយក៏កំពុងតែធ្វើឲ្យសិល្បៈដ៏ផូរផង់របស់ខ្លួន ធ្លាក់ទៅរកចំណុចអវិជ្ជមាន ដែលមិនអាចទម្លាយទីផ្សារអន្តរជាតិបាន ។
ជាមួយនឹងអ្វីដែលកើតឡើងខាងលើ យើងមិនអាចបើកភ្នែកម្ខាង បិទម្ខាងនោះទេ ដោយសារតែទីផ្សារ យើងសព្វថ្ងៃចូលចិត្តគាំទ្របទដែលចម្លងពីគេ ហេតុដូច្នេះហើយ ម្ចាស់ផលិតកម្ម ក៏ធ្វើតាមចំណងចំណូលចិត្ត របស់អ្នកស្តាប់ ដែលធ្វើឲ្យម្ចាស់ផលិតកម្ម ពិបាកក្នុងការផលិតចម្រៀងដែលកើតចេញពីទឹកដៃរបស់ខ្លួន។ បញ្ច្រាសមកវិញ ក៏មានពាក្យរិះគន់ថា “បើសិនជាម្ចាស់ផលិតកម្ម មិនផលិតបទទាំងនោះ តើអ្នកទាំងនោះបានអីស្តាប់” ៕
ទស្សនាបទចម្រៀង ចប់ របស់ ករុណា ពេជ្រ ដូចខាងក្រោមនេះ៖
ទស្សនាបទថៃដូចខាងក្រោមនេះ៖
មតិយោបល់