តារាសម្ដែងនៅក្នុងខ្សែភាពយន្តរឿង Fast & Furious លោក Paul Walker បានទទួលមរណភាពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយក្នុងរដ្ឋកាលីហ្វញ៉ា ក្នុងវ័យ ៤០ឆ្នាំ នៅរលៀលម៉ោង ៣កន្លះម៉ោងក្នុងតំបន់ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ ២០១៣(ប្រហែលជាម៉ោង១រសៀល ម៉ោងនៅស្រុកខ្មែរ ថ្ងៃទី០១ខែធ្នូ ឆ្នាំ ២០១៣)។
លោក Walker បានធ្វើដំណើរតាមរយៈរថយន្តស្ព័រ Porsche ដោយមិត្តភ័ក្តិរបស់លោកជាអ្នកបើកបរហើយនៅក្នុងគ្រោះថ្នាក់ចរចារណ៍នេះ លោក Walker រួមនឹងមិត្តភ័ក្តបានបាត់បង់ជីវិតទាំងពីរនាក់ ប៉ុន្តែមិនភ័ក្តដែលស្លាប់នោះមិនបានបញ្ជាក់ថាឈ្មោះអ្វីនោះទេ ហើយមូលហេតុនៃគ្រោះថ្នាក់នេះក៏នៅមិនទាន់ដឹងច្បាស់ផងដែរ។
ដំបូងឡើយព័ត៌មាននេះ មិនទាន់យកជាផ្លួវការនោះទេ ប៉ុន្តែក្រោយមកសារព័ត៌មាន BBC បានឲ្យដឹងថា លោក Walker ពិតជាបានស្លាប់មែនគឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលធ្វើដំណើរទៅចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌។
ក្រុមហ៊ុនផលិតភាពយន្ត Universal Pictures ក៏បានចេញសេចក្ដីប្រកាសចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសម្ដែងនូវក្ដីសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់លោក Walker។
ចំណែកលោក Vin Diesel បានសរសេរសារនៅលើបណ្ដាញ Instagram ថា “ប្អូនប្រុស បងនឹងនឹកដល់ប្អូនគ្រប់ពេលវេលា ហើយអ្វីដែលបងនិយាយគឺជាការពិត។ សូមឋានសួគ៌ទទួលយករូបប្អូនផង”។
គួរបញ្ជាក់ផងដែរថា លោក Walker កើតនៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ ១៩៧៣ ដែលបានចាប់ផ្ដើមអាជីពជាតារាសម្ដែងតាំងពីឆ្នាំ ១៩៩៩ ហើយលោកបានឈានជើងចូលក្នុងភាពយន្តប្រណាំងរថយន្ត Fast & Furious នៅក្នុងឆ្នាំ ២០០១ បច្ចុប្បន្នលោកមានកូនស្រីម្នាក់ អាយុប្រហែល ១៤ឆ្នាំ៕

មតិយោបល់