ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រូបង្វឹកកម្មវិធី «The Voice American» ២រូបដឹកដៃគ្នាចូលរោងការ ក្រោយរួមការងារ ៦ឆ្នាំ

 

គូស្នេហ៍តារាចម្រៀងនិងជាគ្រូបង្វឹកកម្មវិធី «The Voice American» Blake Shelton និង Gwen Stefaniទើបតែប្រកាសថា ពួកគេបានរៀបការជាមួយគ្នាហើយ ក្រោយទំនាក់ទំនង ៦ឆ្នាំ។ តារាចម្រៀងប៉ុប Gwen Stefani និងតារាចម្រៀងចង្វាក់ Country, Blake Shelton បានក្លាយជាគូស្វាមីភរិយាយ៉ាងផ្លូវការ ដោយបានបញ្ជាក់ពីព័ត៌មានរៀបការរបស់ពួកគេនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ៦ ខែកក្កដា។

តារាចម្រៀង Stefani ដែលមានវ័យ ៥១ ឆ្នាំបានបង្ហោះរូបថតអាពាហ៍ពិពាហ៍របស់ពួកគេនៅលើគណនី Instagram ជាមួយនឹងសំណេររៀបរាប់ថា «ថ្ងៃ០៣ កក្កដា ២០២១ សុបិនយើងក្លាយជាការពិត»។ ចំណែកតារាចម្រៀង Shelton ដែលមានវ័យ ៥១ឆ្នាំដូចគ្នាក៏បានបញ្ជាក់អំពីព័ត៌មាននេះដែរ តាមរយៈការបង្ហោះរូបភរិយាថ្មីថ្មោងរបស់ខ្លួន។

គួររំឭកថា Stefani និង Shelton បានជួបគ្នាដំបូងក្នុងនាមជាគ្រូបង្វឹកកម្មវិធីប្រលងចម្រៀង« The Voice American» កាលពីឆ្នាំ ២០១៥ និងបានប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេកាលពីចុងឆ្នាំ ២០២០ ។ កន្លងមក Stefani ធ្លាប់បានរៀបការជាមួយតន្ត្រីករ Gavin Rossdale និងមានកូនប្រុសបីនាក់។ សម្រាប់ Shelton វិញ នេះជាអាពាហ៍ពិពាហ៍លើកទី ៣ របស់លោក ដោយកន្លងមក លោកធ្លាប់រៀបការជាមួយតារាចម្រៀង Miranda Lambert ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ និងភរិយាទីមួយឈ្មោះ Kaynette Williams ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៦ ៕

មតិយោបល់