ព័ត៌មានសិល្បៈ និងកម្សាន្ត

បទល្បី «ប៉ាក់ពុងវ៉ុង» ឮតែគេច្រៀង តែមានន័យយ៉ាងម៉េច? ស្រាប់តែម្ចាស់បទ ចេញមុពន្យល់បែបនេះ……

បទចម្រៀងថ្មីៗដែលមានការគាំទ្រខ្លាំងទាំងនៅលើបណ្ដាញសង្គម Tik Tok និង Youtube មានចំណងជើងថា «ប៉ាក់ពុងវ៉ុង» ត្រូវបានបកស្រាយនិងនិពន្ធដោយលោក ងួន សុបិន នៅក្នុងផលិតកម្មថោន។ គិតរហូតមកទល់ថ្ងៃ មហាជនអ្នកលេងបណ្ដាញសង្គម នៅតែមិនយល់ពីអត្ថន័យនៃចំណងជើងបទចម្រៀងនោះនៅឡើយទេ តើមានន័យដូចម្ដេច «ប៉ាក់ពុងវ៉ុង »? ជាពាក្យបង្កើតថ្មី ឬជាកម្ចីភាសាបទេស ឬយ៉ាងណា?

ផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មាន ដំណឹង លោក ងួន សុបិន បាននិយាយប្រាប់ថា ដោយសាររូបលោកជាអ្នកកំប្លែងមួយរូប និងជាអ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្មថោន ដូច្នោះហើយបានជាលោកប្រឹងរិះរកអ្វីដែលថ្មីៗហើយប្លែកជានិច្ច ដើម្បីរំលេចបទចម្រៀងឱ្យមានភាពទាក់ទាញពីសំណាក់មហាជនអ្នកគាំទ្រ។ លោកថា «ពាក្យថា ប៉ាក់ពុងវ៉ុង បើនិយាយឱ្យចំទៅ វាគ្មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃ ជួនណាត នោះទេ តែអាចនិយាយបានថា ជាពាក្យកំប្លែងថ្មី ដែលខ្ញុំនិងបងប្អូនអ្នកភ្លេងតែងតែនិយាយលេង នៅពេលបានជួបជុំគ្នា»។

អ្នកនិពន្ធបទចម្រៀងរូបនេះ បានបញ្ជាក់ទៀតថា «នៅពេលបងៗអ្នកភ្លេង គាត់គោះស្គរដី ឬស្គដៃ ធ្វើតន្ត្រីកម្សាន្ដសប្បាយ ខ្ញុំនិងបងប្អូនផ្សេងទៀត តែងតែបន្ទរពីក្រោយសំឡេងស្គរនោះថា ប៉ាក់ពុង ប៉ាក់ពុង ហើយក៏ចេះតែជាប់មាត់ជា ប៉ាក់ពុងវ៉ុងៗ នោះតែម្ដង» ។ លោកបន្ដប្រាប់ទៀតថា ពាក្យនេះគ្រាន់តែជាពាក្យកំប្លែងថ្មី ដែលលោកធ្លាប់បានទន្ទេញជាប់មាត់តែប៉ុណ្ណោះ ហើយលោកបានយកពាក្យនេះមកសរសេរជាចម្រៀង ដែលធ្វើឱ្យមានចុងជួន ហើយធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ថាប្លែក និងទទួលយកពាក្យនេះ។

សូមជម្រាបផងដែរថា បទចម្រៀង «បាក់ពុងវ៉ុង» នេះពីមួយថ្ងៃទៅមួយថ្ងៃ សឹងតែមានការចាក់ស្ដាប់បទនេះគ្រប់ទីកន្លែងទៅហើយ រហូតធ្វើឱ្យគេសម្លឹងឃើញថា ជាបទចម្រៀងដែលឡួយទាំងភ្លេង និងប៉ារ៉ូលចម្រៀង។ ហើយបទនេះដែរ ក៏អាចរំពឹងមានសន្ទុះខ្លាំង ស័ក្ដសមនាឱកាសរាំលេងកម្សាន្ដ ឬឈប់សម្រាកក្នុងថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលកៀកខិតជិតចូលមកដល់ហើយ៕

 

មតិយោបល់