មាស សុខសោភា បានដើរចេញពីផលិតកម្មថោន ជាង១ឆ្នាំហើយបានទៅឈជើងនៅទ្រនុំថ្មីផលិតកម្មរាម។ ជិត៦ខែដែលការផលិតកម្មច្រៀងរបស់សោភា នៅពេលនេះត្រូវបានគេមើលឃើញ នៅមិនទាន់មានបទចម្រៀងណាមួយដែលមានសន្ទុះប្រជាប្រិយភាពខ្លាំងនោះទេ។ រហូតដល់មានអ្នកខ្លះគិតថា មាស សុខសោភា ហាក់នៅរកបទចម្រៀងឱ្យឡើងរាសីដូចមុន នៅមិនទាន់ឃើញ។
នៅក្នុងផលិតកម្មរាម មាស សុខសោភា មានងារជារាជិនីសំឡេងធម្មជាតិ ដែលរមែងបង្ហាញសកម្មភាពលក់ផលិផលសម្រស់ធម្មជាតិ ជាជាងសកម្មភាពសិល្បៈចម្រៀង។ សោភា មានចម្រៀងច្រើនដែលបានចេញដូចជា ត្រឡប់ ឆ្នេរអនុស្សា មនុស្សចុងក្រោយ ចងចាំ ចំណែកស្នេហ៍ ចាញ់ត្រង់ស្រឡាញ់ និងបទចម្រៀងបែបចង្វាក់ប្រពៃណីថែមទៀត។ ក៏ប៉ុន្ដែបើមើលសន្ទុះក្នុងការទស្សនានៅក្នុងយូធូប គេស្មានដឹងថា មាស សុខសោភា នៅមានកម្រិតនៅក្នុងឡើយចំពោះផលិតកម្មថ្មីនេះ។ តែយ៉ាងណាមិញ ទោះជាមានការលើកឡើងបែបនេះក្ដីតែមាស សុខសោភា នៅតែមានជំនឿរចិត្តថានាងនៅតែល្បីនៅរាម ហើយស្វាមីនាងលោកអ៊ឹត រ៉ាដា នឹងបងប្រុសនាងលោកមាស សុខរតនៈ ដែលគ្រប់គ្រងផលិតកម្មផ្ទាល់ខ្លួនCamtrax នោះរងចាំជួយអន្ដរាគមន៍នាងជាបន្ទាន់ប្រសិនបើសោភា ធ្លាក់ទីផ្សារច្រៀង។
ដួង វិរៈសិទ្ធ ទោះជាលោតឆ័ត្រចេញពីផលិតកម្មធំដូចជាហង្សមាស ប៉ុន្ដែបុរសសំឡេងផ្អែមរូបនេះ នៅបន្ដសាងប្រជាប្រិយភាពមិនចាញ់កាលដែលនៅទ្រនំចាស់។ មួយបទចម្រៀងមួយចំនួនរបស់លោក បានលោតដល់ខ្ទង់លាននាក់អ្នកទស្សនា ដូចជាបទ ឆ្នេរអនុស្សា និង វិបត្តិស្នេហ៍។ បទចម្រៀងជាច្រើនបទទៀត ក៏នៅបណ្ដើរគ្នាយ៉ាងប្រកិតប្រកៀកៗក្បែរលាននាក់ចូលទស្សនាដូចគ្នា។ អាចនិយាយបានថា បទចម្រៀងរបស់ ដួង វិរៈសិទ្ធ ចាក់ដោតអារម្មណ៍អ្នកស្ដាប់ច្រើនជាងក៏ថា បើធៀបជាមួយ សោភា ដែលមានលក្ខណៈលំដាប់ស្ដង់ដាទាំងភ្លេងនិងសំឡេង។
រយៈពេលចុងក្រោយថ្មីៗនេះ មាស សុខសោភា និង ដួង វិរៈសិទ្ធ បានចេញចម្រៀងឆ្លើយឆ្លើយគ្នាមានចំណងជើងថា «ព្រួយខ្លាចបាត់បង់» ដែលទទួលបានការគាំទ្រ និងសរសើរច្រើនពីសំណាក់អ្នកគាំទ្រអ្នកទាំងពីរ។ មាស សុខសោភា បានប្ដូរពីចាប់ដៃខេម មកឆ្លងឆ្លើយជាមួយប្រុសក្មេងដួង វីរៈសិទ្ធ ហើយបើទោះជានាងមានអាយុបងវីរៈសិទ្ធ ដល់ទៅជាង១០ឆ្នាំក្ដី ប៉ុន្ដែចង្កោមសិល្បៈនៅតែលើកឡើងថា អាយុខុសគ្នាមិនជាបញ្ហាចោទក្នុងការធ្វើជាដៃគូចម្រៀងឡើយ។លោកថាសំឡេង មាស សុខសោភា និងវីរៈសិទ្ធ ស៊ីគ្នាអាចធ្វើជាដៃគូគ្នាបាន៕
មតិយោបល់