ព័ត៌មានជាតិ

វ៉ាក់សាំង Pfizer និង Moderna ថយចុះប្រសិទ្ធភាពមកត្រឹម ៦៦ភាគរយ ប្រឆាំងនឹងវីរុសបំប្លែងថ្មី Delta, នេះបើតាមការសិក្សារបស់ CDC អាមេរិក

(វ៉ាស៊ីនតោន)៖ ការសិក្សាថ្មីមួយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna បានថយចុះពី ៩១ភាគរយ មកនៅត្រឹម ៦៦ភាគរយ ក្រោយការផ្ទុះឡើងនៃការឆ្លងរាលដាលវីរុសបំប្លែងថ្មី Delta។

បើតាមការសិក្សាធ្វើឡើងដោយមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ វ៉ាក់សាំងប្រភេទ mRNA របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna មានប្រសិទ្ធ ៩១ភាគរយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

តែគិតត្រឹមថ្ងៃទី១៤ ខែសីហាកន្លងទៅនេះ ពោលគឺអំឡុងពេលដែលវីរុសបំប្លែងខ្លួន Delta ចាប់ផ្តើមរ៉ាប់រងករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកកាន់តែច្រើនឡើងៗនោះ ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកទាំង ២នេះ បានថយចុះមកនៅត្រឹមតែ ៦៦ភាគរយប៉ុណ្ណោះ។

ដោយសារតែការថយចុះប្រសិទ្ធភាពវ៉ាក់សាំង នៅចំពោះមុខការឆ្លងរាតត្បាតវីរុសបំប្លែងថ្មី Delta បែបនេះឯង ទើបអាជ្ញាធរនិយតករអាមេរិកកាលពីពេលថ្មីៗនេះ បានសម្រេចចិត្តអនុញ្ញាតឱ្យវ៉ាក់សាំងដូសទី ៣ លើប្រជាជនអាមេរិកគ្រប់រូប៕

ប្រភព៖​​​​​​ Reuters

មតិយោបល់