កណ្តាល៖ ជារឿងដែលមិនគួរឱ្យជឿ និងហួសចិត្ត ដែលស្ត្រីជាម្ដាយម្នាក់ បានចាប់កូនស្រីបង្កើតរបស់ខ្លួនឱ្យប្តីចុងរំលោភបានជាច្រើនដង ព្រមទាំងបានវាយធ្វើបាបនាងជាកូនថែមទៀតផង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
យោងតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងស្រុកកណ្តាលស្ទឹង បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម.ស.ម ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងទី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលជាសិស្ស។ ចំណែកជនសង្ស័យចំនួន ២នាក់ ឈ្មោះ មួង ចាត (តាក់) ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិព្រែករកា ឃុំ ព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាកសិករ ត្រូវជាឪពុកចុង និងឈ្មោះ ជាន ហ៊ុច ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដជាម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះត្រូវឃាត់ខ្លួន។
លោក សុឹម គឹមស៊ុន បានបន្តទៀតថា យោងតាមការរៀបរាប់របស់ជនរងគ្រោះថា ដោយមិនចាំថ្ងៃ តែក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ឈ្មោះ ជាន ហ៊ុច ត្រូវជាម្តាយបង្កេីតរបស់ជនរងគ្រោះបានចុះចោលប្តីរបស់ខ្លួនទៅមានប្តីថ្មីមួយទៀត ឈ្មោះ មួង ចាត ហៅ តាក់(ជនសង្ស័យ) រស់នៅភូមិឃុំកេីតហេតុខាងលេី។ លុះមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីម្តាយបង្កើតរបស់ជនរងគ្រោះបានមកដល់ផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះ ហេីយបានសុំជួបជនរងគ្រោះមួយថ្ងៃ។ ពេលនោះឪពុករបស់ជនរងគ្រោះបានអនុញ្ញាតឱ្យម្តាយជនរងគ្រោះនៅជាមួយជនរងគ្រោះមួយយប់។
លុះស្អែកឡេីងវេលាម៉ោង១៦:៣០នាទី ពេលឪពុករបស់ជនរងគ្រោះទៅចម្ការបាត់ ស្រាប់តែម្តាយបង្កើតរបស់ជនរងគ្រោះបានយកជនរងគ្រោះទៅបាត់ ហើយពេលឪពុកជនរងគ្រោះត្រឡប់មកពីចម្ការវិញមិនឃេីញកូនស្រីរបស់ខ្លួនក៏តាមទៅរកដល់ម្តុំផ្លូវជាតិលេខ៣ ស្រុកកណ្តាលស្ទឹងតែមិនឃេីញក៏ត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក ម្តាយបង្កើតរបស់ជនរងគ្រោះបាននាំជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ហេីយបានសុំរួមរស់នៅជាមួយប្តីដេីមវិញ តែឪពុកជនរងគ្រោះមិនព្រមឱ្យនៅទេ តែម្តាយជនរងគ្រោះមិនព្រមចេញក៏ដេកស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត រហូតស្អែកឡើងពេលឪពុកជនរងគ្រោះទៅបេះបន្លែបាត់ ម្តាយបង្កើតជនរងគ្រោះបានលួចលុយចំនួន៥០០ដុល្លារ រត់គេចខ្លួនបាត់។
ពេលនោះជនរងគ្រោះបាននិយាយប្រាប់ឪពុកបង្កើតរបស់ខ្លួនថា ពេលជនរងគ្រោះមករស់នៅជាមួយម្តាយរបស់ខ្លួន និងឪពុកចុងនៅភូមិឃុំកេីតហេតុ ម្តាយបានវាយធ្វេីបាបរាល់ថ្ងៃ ចំណែកឪពុកចុងក៏បានវាយធ្វើបាបរាល់ថ្ងៃ និងបានចាប់រំលោភនាងចំនួន ៤ដង គឺលើកទី១ពេលយប់នៅលេីផ្ទះរបស់ជនសង្ស័យតែមិនបានសម្រេច លេីកទី២ ទី៣ និងទី៤នៅលេីផ្ទះដដែលបានសម្រេច ដោយម្តាយជាអ្នករួមគំនិត ជួយចាប់ជេីងជនរងគ្រោះទាំងសងខាង ដេីម្បីឱ្យជនសង្ស័យរំលោភម្តងៗ ហើយជនសង្ស័យទាំងពីរនាក់តែងតែវាយធ្វើបាប និងគំរាមជនរងគ្រោះមិនឱ្យប្រាប់អ្នកណាទេ។
ពេលឮដូចនេះឪពុកបង្កើតរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏នគរបាលរដ្នបាលសង្កាត់តាខ្មៅ ហេីយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅបានណែនាំឱ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្នបាលឃុំ ព្រែករកា។ ក្រោយទទួលបានបណ្តឹងនេះកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំព្រែករកា បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងពីរបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ប្រភព៖ CNC
មតិយោបល់