ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆ្មានាំសំណាង! គ្រាន់តែរត់ចូលផ្ទះ ស៉ឹម សូលិកា ភ្លាម ម្ចាស់មកយក ជូនសគុណរហូតដល់១ពាន់ដុល្លារភ្លែត

(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាស្គាល់អ្នកនាង ស៉ឹម សូលិកា ម្ចាស់ហើយ ត្បិតថានាង គឺជាពិធីការិនី និងជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា។ ជានិច្ចកាល អ្នកនាងនិងស្វាមី តែងតែបង្ហាញក្តីសុខ សុភមង្គលក្នុងគ្រួសារ នៅលើបណ្តាញសង្គម។ តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង គឺកាលពីម្សិលមិញ អ្នកនាង ស៉ឹម សូលិកា ហេងទាំងព្រឹកតែម្តង។

បើនិយាយទៅ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ស៉ឹម សូលិកា បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញ អ្នកនាងបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីសត្វឆ្មាដ៏គួរឲ្យស្រឡាញ់មួយក្បាលបានចូលក្នុងផ្ទះរបស់ខ្លួន។ មិនយូរប៉ុន្មានម្ចាស់ឆ្មានេះ បានរកឃើញ និងមកទទួលវិញហើយ ថែមទាំងជូនសគុណនូវទឹកប្រាក់ដ៏ច្រើនជូន អ្នកនាង ស៊ឹម សូលិកា រហូតដល់១ពាន់ដុល្លារទៀតផង។

ជាមួយគ្នានេះ អ្នកនាង ស៉ឹម សូលិកា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា «ឯងមកដោយធម៌ ឯងទៅវិញដោយធម៌ យើងបានទទួលរង្វាន់១ពាន់ដុល្លារដោយធម៌ ហើយក៏បរិច្ចាគចែករំលែកដោយធម៌ ។ អំពើល្អមិនសាបសូន្យ»។

បើតាមប្រភពបានឲ្យដឹងថា ឆ្មាមួយក្បាលដែលរត់ចូលផ្ទះរបស់ អ្នកនាង ស៉ឹម សូលិកា គឺជាឆ្មាសំណព្វចិត្តរបស់ម្ចាស់ជនជាតិចិន តែជាសំណាងល្អបានរត់ចូលផ្ទះរបស់អ្នកនាង ដែលជាមនុស្សមានទឹកធម៌ និងមេត្តា ចេះស្រឡាញ់សត្វ ហើយក៏បានប្រគល់ឲ្យម្ចាស់វិញផងដែរ៕

មតិយោបល់