ព័ត៌មានសិល្បៈ និងកម្សាន្ត

មន្ដ្រីនគរបាលខណ្ឌ៧មករា ដែលវាយនារីម្នាក់បែកក្បាល ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ (UPDATE)

ភ្នំពេញ៖ មន្ដ្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលបានវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ពេលនេះត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមច្បាប់។ នេះបើយោងតាមការឱ្យដឹងពី លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

 

ចំណែកនារីរងគ្រោះដែលល្មើសច្បាប់ចរាចរណ៍ហើយគេចវេសមិនស្ដាប់បញ្ជារបស់មន្ដ្រីនគរបាលក្នុងការអនុវត្តច្បាប់ក៏នឹងត្រូវចាត់វិធានការតាមច្បាប់ដូចគ្នាផងដែរ ពោលគឺ ភាគីទាំង២ ត្រូវអនុវត្តច្បាប់ដោយស្មើភាពគ្នា ព្រោះពួកគេបានប្រព្រឹត្តខុសច្បាប់ដូចគ្នា។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ៨:២០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីហិង្សាមួយរវាងមន្ត្រនគរបាលខណ្ឌ៧មករា បានវាយនារីម្នាក់កំពុងជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងករណីនេះ នៅមុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយចំក្បាលស្ត្រីម្នាក់កំពុងជិះពីក្រោយបណ្តាលឱ្យបែកក្បាលហូរឈាម និងធ្លាក់ពីលើម៉ូតូ។

ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានោះមានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ និងអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ ចំណែកមន្ត្រីនគរបាលដែលបង្កហិង្សា មានឈ្មោះ ម៉ាត់ ពិសី។ ក្នុងករណីនេះ បង្កើតឱ្យមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងលើមន្ត្រីនគរបាល និងស្នើឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ដោយក្រមសីលធម៌ បញ្ចៀសនូវការប្រើហិង្សា។ ទន្ទឹមនឹងនេះក៏មានស្នើឱ្យមានការចូលរួមគោរព និងអនុវត្តច្បាប់ពីអ្នកបើកបរគ្រប់រូប ដើម្បីបញ្ចៀសបាតុភាពផ្សេងៗ។

យោងតាមការបកស្រាយរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីហិង្សានេះ បានឱ្យដឹងថា មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។

ក្នុងករណីនេះ បើស្រាវជ្រាវហើយឃើញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង។ ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ៕

 

 

ប្រភព៖​​​​​​ CNC

មតិយោបល់