ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកំប្លែង ខ្ញុង មានទឹកមាត់លេបឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញា្ញតិឲ្យមានពីធីមង្គលការ

(ភ្នំពេញ)៖ កន្លងមកទស្សនិកជនពិតជាបានជ្រាប់ហើយថា នាងខ្ញុង ក្រៅពីធ្វើជាតារាកំប្លែង នាងមានទទួលកាត់សក់នៅតាមពិធីមង្គលការផងដែរ ដែលនេះជាប្រភពចំណូលមួយផ្នែកសម្រាប់ផ្គត់ផ្គង់គ្រួសារ។ អ្វីដែលគេចាប់អារម្មណ៍ បន្ទាប់ពីតារាកំប្លែងរូបនេះ ជួបព្យុះភ្លៀង បែកធ្លាយព័ត៌មានជំពាក់បំណុលគេជាច្រើននាក់សរុបជាទឹកប្រាក់ជាង៥៧ម៉ឺនដុល្លារអាមេរិក ដោយប្រកាសលក់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗ ដើម្បីទូទាត់ជាមួយម្ចាស់បំណុល ខណៈការងារនៅស្ថានីយទូរទស្សន៍ត្រូវបានគេផ្អាកនោះ នាងបានងាកមកចាប់របរបច្ចុប្បន្នគឺលក់ប្រហុកផ្អក់តាមបណ្តាញសង្គម ដើម្បីរកលុយដោះបំណុល។

យ៉ាងណាមិញ ពេលនេះ នាងខ្ញុង ហាក់មានទឹកមាត់លេបឡើងវិញ ដោយមានប្រភពចំណូលមួយផ្នែកទៀតហើយ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញា្ញតិឲ្យមានពីធីមង្គលការ ពោលគឺត្រូវបានម្ចាស់ដើមការមួយចំនួន ហៅនាងទៅកាត់សក់ឡើងវិញ។ នៅលើគណនីផ្ទាល់ខ្លួនរបស់ នាងខ្ញុង បានបង្ហោះពីការទទួលការងារ ជាអ្នកកាត់សក់ក្នុងពិធីមង្គលការជាហូរហែរ ដោយសារតែនៅតែមានអ្នកអាណិតស្រលាញ់គាំទ្រ ដល់រូបនាង ដូច្នេះបើតាមការបង្ហោះនេះ តារាកំប្លែងរូបនេះ អាចនឹងមានវត្តនៅក្នុងសិល្បៈវិញឆាប់ៗ បើសិនជាមានបងប្អូននៅតែគាំទ្រដល់រូបនាង។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តារាកំប្លែង ខ្ញុង បានសរសេរសារថា «សូមអរគុណសម្រាប់ការផ្ដល់កិត្តិយសសម្រាប់គ្រួសារនាងខ្ញុំ»។

គួរជម្រាបថា ថ្មីៗនេះ គ្រួសារតារាកំប្លែងរូបនេះ បានបែកធ្លាយព័ត៌មានជំពាក់បំណុលគេជាច្រើននាក់សរុបជាទឹកប្រាក់ជាង៥៧ម៉ឺនដុល្លារអាមេរិក ដោយសាមីខ្លួនបានទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២១ ដោយទទួចសុំឲ្យម្ចាស់បំណុលលើកលែងការប្រាក់ ទុកពេលឲ្យនាងរកលុយសងតែដើម និងបានស្នើសុំការបរិច្ចាគពីអ្នកមហាជនក្នុងម្នាក់១ដុល្លារ ដើម្បីចិញ្ចឹមកូន ប្រសិនបើនាងត្រូវម្ចាស់បំណុលប្ដឹងដាក់ពន្ធធនាគារ។

ទោះបីជាមិនដឹងថា អ្វីជាដើមចមនាំឲ្យកើតបំណុលដ៏ច្រើននេះ ប៉ុន្តែអ្នកនាង ខ្ញុង និងស្វាមីនៅតែប្រកាសជំហរទទួលខុសត្រូវដោះស្រាយ ដោយប្រកាសលក់ផ្ទះ និងទ្រព្យសម្បត្តិផ្សេងៗ ដើម្បីទូទាត់ជាមួយម្ចាស់បំណុល ខណៈការងារនៅស្ថានីយទូរទស្សន៍ត្រូវបានគេផ្អាក៕

មតិយោបល់