ភ្នំពេញ៖ តុលាការកំពូល បានបើកសវនាការប្រកាសសាលដីកាលើបណ្ដឹងសារ ទុក្ខរបស់ពិរុទ្ធជនជាជនជាតិកូរ៉េខាងត្បូងចំនួនពីរនាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការនាំចូលលុយចំនួនជាង ២លានដុល្លារអាមេរិក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ពីបរទេសដោយមិនមានឯកសារ ឬប្រភពព័ត៌មានមិនច្បាស់លាស់ ដែលបានប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបកាលពីអំឡុងឆ្នាំ២០១៩។
ក្នុងសវនាការនោះ តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់តុលាការឧទ្ធរណ៍ រក្សាទុកជាបានការដដែល និងតម្កល់ទណ្ឌកម្មរបស់ជនជាប់នៅដដែល។ ជនជាប់ចោទ ទាំង ២នាក់មានឈ្មោះ Song Hyunhoo ភេទប្រុសអាយុ ៤៤ឆ្នាំ និងឈ្មោះ Yoon Wongi ភេទប្រុស អាយុ ៣៤ឆ្នាំ។
លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះពួកគេទាំងពីរ ត្រូវបានតុលាការខេត្តសៀមកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានកាត់ទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៦០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិពីបទ ការសំអាតប្រាក់ និងបានសម្រេចរឹបអូសលុយចំនួន ២,២០០,០០០ ( $ ២, ២លាន) ដុល្លារអាមេរិក ដែលបានដកហូតពីពួកគេ ដាក់ចូលក្នុងថវិកាជាតិផងដែរ។ ទោះយ៉ាងនេះក៏ដោយ ជនជាប់ចោទទាំងពីរនាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តសៀមរាប ទៅកាន់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។ តែសាលាឧទ្ធរណ៍បានតម្កល់សាលក្រមរបស់តុលាការខេត្តសៀមរាបរក្សាទុកជាបានការដដែល ទើបពួកគេបន្តប្តឹងសាទុក្ខមកកាន់តុលាការកំពូល។
សូមបញ្ជាក់ថា ពួកគេទាំងពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចព្រះលានយន្តហោះអន្តរជាតិសៀមរាប បន្ទាប់ពីពួកគេបានធ្វើដំណើរតាមជើងហោះហើរ ពីទៅក្រុងហុងកុងមកដល់ខេត្តសៀមរាប។
នគរបាលជំនាញប្រចាំនៅព្រះលានយន្តហោះអន្តរជាតិខេត្តសៀម បានរាបរឹបអូសបានប្រាក់ចំនួន ២,២០០,០០០ដុល្លារអាមេរិក និងលុយបរទេសមួយចំនួនផ្សេងទៀត ដែលមិនមានឯកសារបញ្ជាក់ និងប្រភពព័ត៌មាននៃការនាំចូលប្រាក់ទាំងនោះច្បាស់លាស់៕
ប្រភព៖ cnc
មតិយោបល់