ព័ត៌មានជាតិ

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ឆ្លងកូវីដ-១៩

(ចូហាន់ណែសប៊ឺក)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានធ្វើតេស្ត «វិជ្ជមាន» COVID-19 ក្រោយការធ្វើតេស្តនៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ហើយបច្ចុប្បន្ន លោកកំពុងទទួលការព្យាបាល ជាមួយនឹងរោគសញ្ញាស្រាលប៉ុណ្ណោះ។

លោកប្រធានាធិបតី Cyril Ramaphosa ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចទៅហើយនោះ បានកើតមានអការៈមិនស្រួលខ្លួន បន្ទាប់ពីលោកបានចូលរួមក្នុង ពិធីរំលឹកវិញ្ញាណក្ខន្ធមួយ ជាមួយលោក FW de Klerk ដែលត្រូវជាអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង កាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែធ្នូ។

ស្ថានភាពសុខភាពរបស់លោក Cyril Ramaphosa គឺស្ថិតក្នុងភាពនឹងនរ ខណៈលោកត្រូវស្នាក់នៅព្យាបាលដាច់ដោយឡែក នៅក្នុងទីក្រុង ខេប ថោន (Cape Town)។ មិនមានការបញ្ជាក់ថា តើលោកប្រធានាធិបតីរូបនេះបានឆ្លងវីរុស Omicron ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសរបស់លោក ដែរឬមួយក៏យ៉ាងណានោះឡើយ។

លោកប្រធានាធិបតី Cyril Ramaphosa បានធ្វើតេស្តវិជ្ជមាន COVID-19 ក្រោយពីលោកបានត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី០៨ ខែធ្នូ បន្ទាប់ពីលោក និងគណៈប្រតិភូបានបំពេញទស្សកិច្ច ទៅកាន់ប្រទេសអាហ្វ្រិកភាគខាងលិចចំនួន ៤ និងសុទ្ធតែបានធ្វើតេស្ត «អវិជ្ជមាន» COVID-19 មុនពេលទៅដល់ និងក្រោយចាកចេញពីប្រទេសទាំងនោះ៕

ប្រភព៖ Reuters

មតិយោបល់