ព័ត៌មានសិល្បៈ និងកម្សាន្ត

ចន ច័ន្ទលក្ខិណា និងតូតា ទៅសម្ពោធរឿងនៅបាងកក

ភ្នំពេញៈ មានការរំពឹងទុកយ៉ាងខ្លាំងថា វត្តមានចេញទៅសម្ពោធរឿងរបស់តារាខ្មែរមួយក្រុមដែលរួមមាន អ្នកនាងចន ច័ន្ទលក្ខិណា និងម៉ាក់សែន សូនីតា ហៅតូតា នៅក្នុងប្រទេសថៃនាថ្ងៃទី៤ កញ្ញានេះ នឹងធ្វើឲ្យខ្សែរឿង «ចន្ទ្រា» ដែលប្រកាសដាក់បញ្ចាំងនៅតាមរោងភាពយន្តនៅបាងកក នឹងទទួលជោគជ័យ។ អ្នកនាង ចន ច័ន្ទលក្ខិណា និងតូតា បានបង្ហាញជំនឿចិត្តចំពោះរឿងនេះ ខណៈដែលវត្តមានរបស់អ្នកទាំងពីរក៏ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ក្រោយការបង្ហោះថា ពួកនាងទៅសម្ពោធរឿងរបស់ខ្មែរ គឺរឿង«ចន្ទ្រា»នៅក្នុងប្រទេសថៃនោះ។

យោងតាមការប្រកាសតារាៗជាតួសម្ដែងក្នុងរឿង«ចន្ទ្រា» និងផលិតករប្រមាណជាង១០រូបដែលរួមមាន កញ្ញា ម៉ាក សែនសូនីតា ចន ច័ន្ទលក្ខិណា ញ៉ែម សុគន្ធ យ៉ែម សំអូន និងនាយក្រូចជាដើម ត្រូវបានចាកចេញតាមជើងយន្ត ដើម្បីចូលរួមពិធីបើកសម្ពោធដាក់បញ្ចាំងរឿងនេះនៅក្នុងប្រទេសថៃ។ នេះជាការនាំចេញភាពយន្តខ្មែរដ៏កម្រទៅកាន់ទីផ្សារបញ្ចាំងកុនរបស់ប្រទេសជិតខាង ដែលមានន័យថា ខ្សែរឿង «ចន្ទ្រា» គឺមានគុណភាពគ្រប់គ្រាន់ដែលអាចយកទៅបង្ហាញនៅតាមរោងភាពយន្តទំនើបរបស់ថៃបាន។ នេះជាក៏នាំចេញយកទៅបញ្ចាំងនៅក្នុងប្រទេសថៃជាលើកទី២ បន្ទាប់ពីរឿង«ស្បែកគង់»ទទួលបានការគាំទ្រទាំងក្នុង និងក្រៅស្រុកនោះផងដែរ។

លោក ប៉ុល វិបូ ហៅ នីត ចាងហ្វាងផលិតកម្ម អង្គរភិចឈ័រ និងជាអ្នកផលិតរឿង «ចន្ទ្រា» បានអះអាងថា ភាពយន្តមួយនេះត្រូវបានផលិតករថៃទទួលស្គាល់គុណភាពតាំងពីជំហានដំបូង ទើបថៃសម្រេចចិត្តទិញសិទ្ធិ ដោយបានទាំងយកទៅបកប្រែជាភាសាថៃ ដើម្បីដំណើរការដាក់បញ្ចាំងនៅតាមរោងភាពយន្តធំៗរបស់ថៃ។ លោកថា វាគឺជាមោទភាពយ៉ាងខ្លាំង ដែលរឿងរបស់ខ្មែរ ត្រូវបានបង្ហាញខ្លួននៅតាមរោងភាពយន្តថៃ និងបានទាំងផ្ដល់កិត្តិយសឲ្យអ្នកគាំទ្រថៃបានជួបតារារបស់ខ្មែរដោយផ្ទាល់នៅថ្ងៃសម្ពោធរឿង«ចន្ទ្រា»នេះវិញ ដូចគ្នានឹងឱកាសដែលខ្មែរអញ្ជើញតារាថៃឲ្យមកបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា។ លោកថា រឿងនេះនឹងជោគជ័យ ដោយសារតែគុណភាព និងការផលិត គឺអាចនិយាយបានថា ល្អជាងរឿង«ស្បែកគង់»

https://youtu.be/wVXEDYweILU

ចន្ទ្រា (10)ចន្ទ្រា (1)ចន្ទ្រា (2)ចន្ទ្រា (3)ចន្ទ្រា (4)ចន្ទ្រា (5)ចន្ទ្រា (6)ចន្ទ្រា (7)ចន្ទ្រា (8)ចន្ទ្រា (9)

មតិយោបល់