(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់បង្ហើរសំនៀងជូនអ្នកគាំទ្រជាង២ឆ្នាំ នៅពេលនេះ តារាចម្រៀងសំនៀងស្អក មានទឹកដមពិរោះរណ្តំ ម្ចាស់បទ «ជាប់រវល់» លោកសាន ផានិត បានត្រឡប់មកវិញហើយ តាមរយៈការបង្ហើរសំនៀងនៅថ្ងៃឆ្លងឆ្នាំ សាកលខាងមុខ នៅ អាយស៍ ផាប់ ក្រុងតាខ្មៅ។
ក្នុងវីដេអូបង្ហោះលើបណ្តាញសង្គមផ្លូវការ តារាចម្រៀងចាស់វស្សា ម្ចាស់បទ «ជាប់រវល់» លោកសាន ផានិត បានឲ្យដឹងថា ក្នុងថ្ងៃឆ្លងឆ្នាំសាកលខាងមុខនេះ គឺថ្ងៃទី៣១ ខែធ្នូ ឆ្នំ២០២១ លោកនឹងបង្ហាញវត្តមានបង្ហើរសំនៀង និងសម្តែងនៅ អាយស៍ ផាប់ ក្រុងតាខ្មៅ ដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូន ដែលទន្ទឹងរងចាំវត្តមានរបស់លោក។ ជាពិសេស គឺដើម្បីអបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ២០២២។
នេះត្រូវបានគេដឹងថា ជាវត្តមានដ៏កម្ររបស់លោក សាន ផានិត ក្នុងវិស័យចម្រៀង និងសម្តែង ចាប់តាំងពីមានការរាតត្បាតកូវីដ-១៩ មក ខណៈបច្ចុប្បន្នគេសង្កេតឃើញថា លោកហាក់មានវត្តមានឡើងវិញជាបណ្តើរៗហើយ ក្នុងកម្មវិធីសិល្បៈនានា ដើម្បីកំដរអារម្មណ៍ទស្សនិកជន ជាពិសេស ដើម្បីបំពេញបំណងរបស់អ្នកគាំទ្រ ដែលកន្លងមកតែងតែទន្ទឹងរងចាំវត្តមានរបស់លោកផងដែរ។ ជាក់ស្តែង នៅថ្ងៃបុណ្យណូអែល ថ្ងៃទី២៥ ខែធ្នូ កន្លងទៅ លោកបានបង្ហាញវត្តមានលើឆាក បង្ករការចាប់អារម្មណ៍ជាខ្លាំងដល់អ្នកគាំទ្រ នៅ Redroom Club៕
មតិយោបល់