(ភ្នំពេញ)៖ ដួង ហ្សូរីដា រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ដ្បិតកន្លងមកនាងស្ទើរតែគ្មានសង្ឃឹមថានឹងអាចបានជីវិត ម្ដាយត្រឡប់មកវិញទៀតផង ព្រោះតែជំងឹមហារីកគឺជាជំងឺមួយដែលកាចសាហាវ ។ ប៉ុន្តែដោយការខិតខំប្រឹងប្រែង និងការលះបង់គ្រប់យ៉ាង តារាស្រីរូបនេះក៏ទទួលបានជោគជ័យក្នុងការដណ្ដើមជីវិតម្ដាយពីមាត់ទ្វាយមរាជវិញ ។
ដោយកញ្ញា ដួង ហ្សូរីដា បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនឱ្យ តារាញូស៍ ដឹងយ៉ាងដូច្នេះថា «Welcome Home លោកម៉ែជិតមួយឆ្នាំមុន ខ្ញុំ និងប្អូនៗតែងតែត្រៀមចិត្តថា យើងនឹងអាចបានទទួលលោកម៉ែត្រលប់វិញ តែអាចមិនមែនជាមនុស្ស ព្រោះពាក្យថា (មហារីក) វាកាចសាហាវ ឆក់យកជីវឹតមនុស្សជាច្រើននាក់មិនថាអ្នកមានលុយប៉ុណ្ណា អាចមើលមិនជា ប៉ុន្តែពេលនេះយើងជាកូនៗរបស់លោកម៉ែអាចធ្វើបាន លះបង់គ្រប់យ៉ាងដើម្បីទាមទារជីវឹតលោក ម៉ែពីច្រកយមរាជបាន» ។
តារាស្រីវ័យជ្រេរូបនេះបានបន្តទៀតថា៖ «អរគុណទេវតា ដែលលោកមើលឃើញភាពស្មោះត្រង់ និងការខឹតខំរបស់កូនៗ ព្រមប្រគល់ជីវឹតម្តាយម្នាក់នេះអោយពួកយើងថែរទាំលោកបន្ត អរគុណគ្រប់យ៉ាង អរគុណអតិថិជនរបស់ មុទិតា ត្រេឌីង ខូអិលធីឌី ដាណាម៉ា កាត់ដេរ និងគ្រប់ការងារទាំងអស់ដែលតែងតែគាំទ្រ ទើបខ្ញុំមានលទ្ធភាពព្យាបាលជំងឺម្តាយខ្ញុំបានជាសះស្បើយ អរគុណអ្នកទាំងអស់គ្នាតែងតែជូនពរ លោកម៉ែឆាប់ជា» ។
គួរបញ្ជាក់ថា ដួង ហ្សូរីដា បានប្រឹងប្រែងយ៉ាងខ្លាំង បន្ទាប់ពីម្ដាយបានធ្លាក់ខ្លួនឈឺ និងត្រូវសម្រាកព្យាបាលនៅប្រទេសថៃ ។ ហ្សូរីដា បានខិតខំទាំងយប់ទាំងថ្ងៃដើម្បីរកប្រាក់ផ្គត់ផ្គង់ថ្លៃការព្យាបាលរបស់ម្ដាយ ។ យ៉ាងណាពេលនេះនាងក៏ទទួលបានជោគជ័យ និងទទួលជីវីតម្ដាយត្រឡប់មកវិញក្រោយពុះពារយ៉ាងស្វិតស្វាញ ៕






មតិយោបល់