(ភ្នំពេញ)៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា ខ្សែភាពយន្តបញ្ចាំងលើ Netflix ចំណងជើងថា “The Power of the Dog” បានក្លាយជាបេក្ខភាពនាំមុខប្រចាំកម្មវិធីពានរង្វាន់អូស្កានាឆ្នាំ២០២២នេះ ដោយបានឈរឈ្មោះដណ្ដើមយកពានរង្វាន់ចំនួន១២ពាន។
ភាពយន្តដែលសម្ដែងដោយតួអង្គវីរបុរស Doctor Strange (ដុកទ័រ ស្ត្រេង) លោក Benedict Cumberbatch (បេនេឌីក ខាំប៊ឺបាជ) នេះបានជាប់ឈ្មោះដណ្ដើមពានរង្វាន់ធំៗដូចជាពានភាពយន្តឆ្នើម, ពានអ្នកដឹកនាំឆ្នើម, ពានភាពយន្តផលិតតាមសៀវភៅប្រលោមលោកល្អដាច់គេ, ពានតារាសម្ដែងឆ្នើម រួមជាមួយពានតួអង្គរងឆ្នើមជាដើម។ ភាពយន្ត “The Power of the Dog” (ដឺ ផាវវើ អហ្វ ដឺ ដ៊ក) នឹងត្រូវប្រកួតប្រជែងយកពានរង្វាន់ធំៗជាមួយភាពយន្ត “Dune” (ឌូន) ដែលភាពយន្តបែបវិទ្យាសាស្ត្រច្នៃប្រឌិតនេះក៏បានជាប់ឈ្មោះដណ្ដើមយកពានរង្វាន់ចំនួន១០ពានផងដែរ។
បេក្ខភាពខ្លាំងៗដទៃទៀតក្នុងកម្មវិធីអូស្កានៅឆ្នាំនេះ មានដូចជាភាពយន្តជប៉ុន “Drive My Car” (ដ្រាយ ម៉ាយ ខា), ភាពយន្តបែបជីវប្រវត្តិ “King Richard” (ឃីង រីឆាត), ភាពយន្ត “Licorice Pizza” (លីកូរ៉ា ភីហ្សា), ភាពយន្តរន្ធត់ “Nightmare Alley” (ណាយម៉ែ អាលលី) និងភាពយន្ត “West Side Story” (វេស សាយ ស្តូរី) ជាដើម។ កម្មវិធីប្រកាសនិងប្រគល់ពានរង្វាន់អូស្កាឆ្នាំ២០២២ បានកំណត់ថានឹងប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែមីនាខាងមុខនេះ៕
មតិយោបល់