(បរទេស)៖ សម្ដីលេងសើចរបស់តារាកំប្លែង Chris Rock (គ្រីស រ៉ុក) ដែលធ្វើឲ្យតារាសម្ដែង Will Smith (វីល ស្មីត) ទប់អារម្មណ៍មិនបានឡើងទះកំផ្លៀងដល់លើឆាក បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម តែពេលនេះ Will Smith បានចេញសារសុំទោសហើយ។
ម្ចាស់ពានរង្វាន់តួឯកប្រុសឆ្នើមថ្មីរបស់អូស្ការលោក Will Smith (វីល ស្មីត) បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមិនតិចនោះទេ នៅពេលដែលលោកឡើងទះកំផ្លៀងតារាកំប្លែង Chris Rock (គ្រីស រ៉ុក) លើឆាកកម្មវិធីពានរង្វាន់កំឡុងពេលផ្សាយផ្ទាល់។កំហឹងក្នុងខ្លួនតារាសម្ដែង Will Smith (វីល ស្មីត) ចាប់ផ្ដើមឆេះឆួលនៅពេលតារាកំប្លែង Chris Rock (គ្រីស រ៉ុក) និយាយលេងសើចទាក់ទងសក់ភរិយារបស់ Will Smith (វីល ស្មីត) មុន ប្រកាសឈ្មោះអ្នកឈ្នះពានរង្វាន់ភាពយន្តឯកសារល្អដាច់គេ។
ប្រមាណជា ៤៥នាទីក្រោយ នៅពេលដែល Will Smith (វីល ស្មីត) ឡើងទទួលពានរង្វាន់អូស្ការដំបូងដែលជាពានតួឯកប្រុសឆ្នើម តារាវ័យ ៥៣ឆ្នាំរូបនេះបាននិយាយទាំងទឹកភ្នែក សុំទោសចំពោះកម្មវិធីអូស្ការ និងបេក្ខភាពឈរឈ្មោះដណ្ដើមពានរង្វាន់ដទៃទៀត ប៉ុន្តែលោកមិនបានសុំទោសតារាកំប្លែង Chris Rock (គ្រីស រ៉ុក) ឡើយ។ ទោះយ៉ាងណាក្រោយរងការរិះគន់យ៉ាងខ្លាំងលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២៩ ខែមីនា Will Smith ក៏បានចេញសារសុំទោសជាផ្លូវការថា៖ “អំពើហិង្សាក្នុងទម្រង់ណាក៏ដោយគឺសុទ្ធតែមិនល្អ និងបណ្តាលឱ្យមានគ្រោះថ្នាក់ខ្លាំង។ សកម្មភាពរបស់ខ្ញុំនៅក្នុងពិធីប្រគល់ពានរង្វាន់អូស្ការកាលពីយប់មិញគឺមិនអាចទទួលយកបាន និងមិនអាចលើកលែងទោសបានទេ។
‘ការនិយាយលេងសើច’ ក៏ជាផ្នែកមួយនៃការងាររបស់ខ្ញុំដែរ ប៉ុន្តែការនិយាយលេងអំពីស្ថានភាពសុខភាពរបស់ Jada គឺធ្ងន់ធ្ងរពេកសម្រាប់ខ្ញុំ។ ខ្ញុំបានប្រតិកម្មដោយប្រើអារម្មណ៍ហួសហេតុ។ចំពោះ Chris ខ្ញុំចង់សុំទោសលោកជាផ្លូវការ។ ខ្ញុំធ្វើហួសព្រំដែន ខ្ញុំខុសហើយ។ ពិភពលោកពោរពេញដោយក្តីស្រឡាញ់ និងក្តីមេត្តា មិនត្រូវជាកន្លែងសម្រាប់អំពើហិង្សានោះទេ។ ខ្ញុំនឹងកែប្រែខ្លួន” ៕


មតិយោបល់