ព័ត៌មានជាតិ

អូមីក្រុងទម្រង់ថ្មី BA.2 រ៉ាប់រងករណីឆ្លងកូវីដ-១៩ នៅជុំវិញពិភពលោក, នេះបើតាម WHO

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេរោគអូមីក្រុងទម្រង់ថ្មី ដែលត្រូវបានដាក់ឈ្មោះថា BA.2 កំពុងរាលដាល និងរ៉ាប់រង ៨៦ភាគរយ ក្នុងចំណោមករណីឆ្លង COVID-19 នៅជុំវិញពិភពលោក។

ការរកឃើញមេរោគទម្រង់ថ្មី ដែលបំប្លែងចេញពីប្រភេទអូមីក្រុងនេះ ត្រូវបានរាយការណ៍ជាលើដំបូង កាលពីដើមខែមករា ឆ្នាំ២០២២។ អត្រា ចម្លងនៃមេរោគប្រភេទថ្មីនេះគឺខ្ពស់ជាងជំងឺអូមីក្រុងប្រភេទ BA.1 និង BA.1.1។

ប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការកូវីដ១៩ ប្រឆាំងមេរោគអូមីក្រុងទម្រង់ថ្មីនេះ គឺដូចទៅនឹងមេរោគប្រភេទមុនៗដែរ ដោយការការពារ នឹងថយចុះទៅតាមពេលវេលានៃការទទួលបានការចាក់វ៉ាក់សាំង។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារសុខភាពរបស់ចក្រភពអង់គ្លេស, វ៉ាក់សាំងដូសជំរុញអាចជួយការពារពីការចូលសម្រាកក្នុងមន្ទីរពេទ្យនិងការស្លាប់ ដោយសារជំងឺប្រភេទថ្មីនេះ៕

ប្រភព៖ AFP

មតិយោបល់