(ភ្នំពេញ)៖ ទោះមួយរយៈចុងក្រោយនេះ ពិធីការិនីស្រីជើងចាស់ អ្នកនាង ស៊ឹម សូលិកា មិនសូវលេចមុខក្នុងសិល្បៈដូចមុនក្ដី ក៏ប៉ុន្តែរូបនាង តែងបង្ហាញពីជីវភាពដ៏ហ៊ឺហា និងសុភមង្គលជាមួយកូនស្រី និងស្វាមីដែលជាពិធីករដ៏ល្បី លោក អេង ឬទ្ធី ធ្វើឲ្យហ្វេនៗចាំតាមដានជាប់ជានិច្ច។
អ្វីដែលគួរឲ្យសរសើរពី ស៊ឹម សូលិកា នោះគឺអ្នកនាង នៅតែរក្សាទំនាក់ទំនងជាមួយ អតីតស្វាមី ព្រមទាំងគ្រួសារថ្មីរបស់លោក ហើយតែងបង្ហាញសកម្មភាពស្និទ្ធិស្នាល ស្រលាញ់គ្នាដូចជាបងប្អូន។ លើសពីនេះ កាលពីប៉ុន្មានម៉ោងមុននេះ ស៊ឹម សូលិកា បានបង្ហោះរូបថតរបស់ អតីតស្វាមីជាមួយភរិយាថ្មីជាច្រើនសន្លឹក ដោយរួមទាំងរូបភាពកូនស្រីរបស់នាង ប្រារព្ធពិធីខួបកំណើតជូនលោកប៉ាទៀតផង មើលទៅមានសុភមង្គលណាស់។
ក្នុងនោះដែរ តាមរយៈការបង្ហោះរូបភាពលើកនេះ ស៊ឹម សូលិកា រួមទាំងបានសរសេរពាក្យជូនពរ អតីតស្វាមី យ៉ាងមានន័យថា «សូមរីករាយថ្ងៃចម្រើនអាយុ បងប្រុសជាទីគោរពស្រលាញ់ សូមជូនពរបងមានសុខភាពល្អអាយុវែង មានសំណាងល្អជោគជ័យគ្រប់ភារកិច្ច ជួបតែសេចក្ដីសុខសុភមង្គលគ្រប់ពេលវេលា »។
ក្រោយពីបានឃើញការបង្ហោះមួយនេះដែរ មានមហាជនជាច្រើនបានចុចឡាកពេញចិត្តលើរូបទាំងនោះ ថែមទាំងបញ្ចេញមតិសរសើរទឹកចិត្ត ស៊ឹម សូលិកា ដែលជាអតីតភរិយា ចិត្តរឹងមាំនៅតែរាប់អានអតីតស្វាមី ចាត់ទុកជាបងប្រុសបែបនេះ៕
មតិយោបល់