ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ពានផ្កាយរះក្នុងសួន ហ៊ិន លីដា ចូលប្រឡង Cambodia Idol

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមិនតិចទេ ដែលតារាចម្រៀងវ័យក្មេងកញ្ញា ហ៊ិន លីដា ដែលគេស្គាល់ថា ជាតារាចម្រៀងអាជីព និងជាម្ចាស់ពានក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» រដូវកាលទី១ ដែលមានឈ្មោះបោះសំឡេងកាលពីឆ្នាំ២០១៣ បែរជាចូលប្រឡងក្នុងកម្មវិធី Cambodia Idol កាលពីយប់ថ្ងៃទី៤ កញ្ញា។ វត្តមានរបស់នាងធ្វើឲ្យមានការចាប់អារម្មណ៍ ហើយក៏មានការជជែកគ្នាច្រើនណាស់ដែរ ដែលនាងបានជាប់ពានក្នុងកម្មវិធីប្រឡងចម្រៀងមួយដែលមានគេស្គាល់ច្រើនមកហើយ ស្រាប់តែមកប្រឡងក្នុងកម្មវិធីនេះទៀត ដែលធ្វើឲ្យអ្នកណាៗក៏មើលឃើញថា នាងមានប្រៀបជាងបេក្ខជនផ្សេងទៀត ដែលខ្លះមិនទាន់មានអាជីព។

ហ៊ិន លីដា បានអះអាងថា ហេតុផលដែលនាងចូលប្រឡង គឺនាងចង់មានឈ្មោះបោះសំឡេងកាន់តែច្រើនថែមទៀត។ យ៉ាងណាមិញ បទចម្រៀងដែលនាងលើកមកច្រៀងកាលពីយប់ថ្ងៃទី៤ កញ្ញា នោះ គឺសំឡេងរបស់នាងហាក់បែកជាងមុន និងមិនសូវពីរោះក្រអូនក្រអៅដូចគ្នានឹងបេក្ខនារីខ្លះដែលបាន Yes ទាំង៤ផ្សេងទៀតនោះទេ។ ម្ចាស់ពានផ្កាយរះក្នុងសួនរូបនេះ ត្រូវគេមើលឃើញថានឹងអាចបោះជំហានទៅកាន់វគ្គបន្តបន្ទាប់ក្នុងកម្មវិធី Cambodia Idol ប៉ុន្តែគេមិនរំពឹងថា នាងនឹងមានវាសនាបានទៅដល់វគ្គកាន់ពាន ឬយ៉ាងណានោះទេ ដោយសារតែកម្មវិធីនេះ គឺទើបតែបញ្ចប់បាន២សប្ដាហ៍ ប៉ុន្តែបានបង្ហាញឲ្យឃើញនូវអ្នកមានសំឡេងល្អខ្ពស់ជាងខ្លាំងខុសពីពេលនាងចូលប្រឡងក្នុងកម្មវិធីផ្កាយរះក្នុងសួន។ ប៉ុន្តែនាងមិនមែនជាអ្នកកាន់ពានទី១ ដែលបានចូលប្រឡងនោះទេ ដោយសារតែមុននេះ កញ្ញា កែវ កាន់ហា ម្ចាស់បទ«សុំបេះដូងស្មោះមកវិញ» និងជាម្ចាស់ពានកម្មវិធី«The Best Star» របស់ទូរទស្សន៍អប្សរក៏បានចូលប្រឡងហើយទទួលYes ៤ដូចគ្នា។

ខាងក្រោមនេះជាវត្តមានរបស់នាងក្នុងកម្មវិធី Cambodia Idol កាលពីថ្ងៃទី៤ កញ្ញា និងវីដេអូដែលបង្ហាញវត្តមានរបស់នាងក្នុងកម្មវិធីផ្កាយរះក្នុងសួននាពេលកន្លងមក៕

មតិយោបល់