ព័ត៌មានជាតិ

ទេព វន្នី ត្រូវបានបញ្ជូនចេញពីតុលាការឆ្ពោះពន្ធនាគារវិញហើយ

ភ្នំពេញ:នៅវេលាម៉ោង១១និង១២នាទី លោកស្រី ទេព វន្នី ត្រូវបានបញ្ជូនចេញពីសាលាដំបូងរាជធានីភ្នំពេញឆ្ពោះទៅកាន់ពន្ធនាគារព្រៃស ខណ:នោះក៏មានការតវ៉ាពីក្រុមអ្នកគាំទ្រលោកស្រី ទេព វន្នី បណ្ដាលឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ។ បន្តិចក្រោយមកចរាចរក៏ដំណើរការធម្មតាវិញ នៅគ្រានោះដែរ មន្រ្តីប្រចាំនៅសាលាដំបូងរាធានីភ្នំពេញ ក៏បានរារាំង និងគំរាមដកទូរស័ព្ទបោកចោល ប្រសិនបើកមានការថតរូបនៅក្នុងបរិវេណតុលាការ។

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ឲ្យដឹងថា លោក នូ វាសនា ចៅក្រមសើបសួរ បានសាកសួរបន្ថែមទៅលើជនត្រូវចោទឈ្មោះ ទេព វន្នី ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៩៥៦ ចុះថ្ងៃទី២៦ មិនា ២០១៣។

សូមជម្រាបថា កាលពីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅលោក នូ វាសនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំយកជនជាប់ចោទឈ្មោះ ទេព វន្នី មកសាកសួរបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នេះរួចមកម្តងហើយ ប៉ុន្តែនៅក្រោយពេលតុលាការបញ្ចប់ការសាកសួរជនជាប់ចោទឈ្មោះ ទេព វន្នី បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានឆ្លើយបដិសេធថាលោកស្រីមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

គួររំលឹកថា សកម្មជនដីធ្លីតំបន់បឹងកក់ទាំង ទេព វន្នី ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ បានឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្រោយពីប្រមូលម្តុំគ្នាស្លៀកពាក់ពណ៌ខ្មៅ ក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យអាជ្ញាធរ ជាពិសេសតុលាការក្រុងភ្នំពេញដោះលែងសកម្មជនសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប សរុបចំនួន៥រូប ដែលត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន ដែលផ្តើមចេញពីសំណុំរឿង ស្នេហារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។

ក្រោយមកនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦កន្លងទៅ លោក ពេជ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងក្រុងភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសជនជាប់ចោទ ទេព វន្នី និង បូវ សោភា ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយ:៦ថ្ងៃ និងពិន័យជាប្រាក់៨ម៉ឺនរៀលក្រោមបទចោទ ជេរប្រមាថ យោងតាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ៕

//youtu.be/Ps6Q3qWwtlA

1

2

មតិយោបល់