ភ្នំពេញៈ ខណៈដែលដំណឹងរៀបការនៅមិនទាន់កំណត់នៅឡើយ គេកត់សម្គាល់តារាពិធីការិនីមេម៉ាយកូន២ អ្នកនាង ខៀវ សានសាណា និងគូស្នេហ៍កាន់តែបានលេចធ្លោក្នុងអាជីវកម្មបើកជំនួញដីធ្លី។ អ្នកនាង និងអនាគតស្វាមី ទើបនឹងត្រូវគេឃើញបានចុះកុងត្រាជាមួយក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ពិភពលោកគឺក្រុមហ៊ុន Country 21 Cambodia ដែលជាម្ចាស់គម្រោងទីក្រុង Forest City របស់ប្រទេសម៉ាលេស៊ី។
ពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាងខៀវ សានណាសា បានទទួលស្គាល់ថាអនាគតស្វាមីរបស់ខ្លួនពិតជាបានពង្រីកមុខជំនួញពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យប្រាកដមែន។ អ្នកនាងថាបុរសជាគូស្នេហ៍របស់ខ្លួនគឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលទ្រព្យ Century 21 Cambodia ដែលក្រុមហ៊ុននេះ មានសាខារហូតដល់៧៨ប្រទេសនៅលើពិភពលោក។ អ្នកនាងថាតាំងពីបើកដំណើរការ ក្រុមហ៊ុនរបស់គូស្នេហ៍បានទទួលជោគជ័យយ៉ាងខ្លាំង ទើបធ្វើឲ្យក្រុមហ៊ុន Country Garden Group ដ៏ល្បីរបស់ប្រទេសម៉ាលេស៊ីបានចាប់ដៃសហការជាមួយក្នុងការដាក់លក់គម្រោងរបស់ទីក្រុង Forest City ដែលស្ថិតនៅជិតប្រទេសសិង្ហបុរី។
អ្នកនាងថាខ្លួនក៏មានមុខតំណែងនៅក្នុងក្រុមហ៊ុនអចលនទ្រព្យរបស់គូស្នេហ៍ផងដែរ ប៉ុន្តែភាគច្រើនអ្នកនាងគ្រាន់តែជួយការងាររបស់ក្រុមហ៊ុនប៉ុណ្ណោះ។ ដោយសារតែហេតុផលនេះ ទើបអ្នកនាង និងលោក Seraj Satton ជាគូស្នេហ៍នៅមិនទាន់សម្រេចចិត្តកំណត់ថ្ងៃរៀបការដើម្បីទុកពេលពង្រឹងការងារក្រុមហ៊ុន Century 21 Cambodia និងក្រុមហ៊ុន Country Garden Group ដែលទើបនឹងចាប់ដៃគ្នា។ អ្នកនាងថា គម្រោង Forest City គឺជាទីក្រុងទំនើបរបស់ប្រទេសម៉ាលស៊ីក្បែរសិង្ហបុរី និងជាទីក្រុងដែលមានសណ្ឋាគារលំដាប់ផ្កាយ៥ មានសួនកម្សាន្ត និងផ្សារទំនើបក្រោមដី ទើបគម្រោងមួយនេះនឹងមិនពិបាកទាក់ទាញនោះទេ ដែលនាំឲ្យក្រុមហ៊ុនរបស់នាង និងអនាគតស្វាមីសម្រេចចាប់ដៃជាមួយ។
ខៀវ សានសាណា បញ្ជាក់បន្ទាប់ពីម្រោងរបស់ក្រុមហ៊ុនគូស្នេហ៍ និងក្រុមហ៊ុនដៃគូទទួលជោគជ័យ នោះនាង នឹងប្រកាសគម្រោងរៀបការដោយបើកចំហរ។ យ៉ាងណាមិញ នាងថានឹងប្រកាសជំហរមិនដកថយពីអាជីពជាពិធីការិនី និងសិល្បៈនោះទេ បើទោះជានាងចាប់ផ្ដើមមានបង្អែកលើមុខជំនួញបើកក្រុមហ៊ុនអចលនទ្រព្យដែលកាន់តែជោគជ័យនាពេលចុងក្រោយ។ ក្នុងនោះនាងថាក្រុមហ៊ុនដាក់លក់អាហារបំប៉នរបស់អនាគតស្វាមីក៏ទទួលជោគជ័យផងដែរ បើទោះជាលោក Seraj Satton បានងាកទៅធ្វើជំនួញដីធ្លីវិញ៕
មតិយោបល់