ឥណ្ឌាៈ ស្មាតហ្វូនក្រុមហ៊ុន Samsung បានផ្ទុះឆេះនៅក្នុងយន្តហោះខណៈពេលកំពុងហោះហើរ ប៉ុន្តែស្មាតហ្វូនដែលផ្ទុះនោះមិនមែន Galaxy Note 7 ទេគឺជា Galaxy Note 2។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា។
ជើងហោះហើររបស់ក្រុមហ៊ុន IndiGo ពីសិង្ហបុរី ទៅកាន់ទីក្រុង Chennai ប្រទេសឥណ្ឌា ដោយនៅខណៈពេលកំពុងហោះហើរ ស្រាប់តែអ្នកដំណើរម្នាក់បានឃើញផ្សេងហុយចេញពីកាបូបដាក់ឥវ៉ាន់មួយ រួចក៏បានប្រាប់ទៅកាន់សហសេវិក។ ក្រោយពេលពិនិត្យមើលក្នុងកាបូបនោះទើបឃើញ Galaxy Note 2 កំពុងតែឆេះ និងហុយផ្សែងយ៉ាងខ្លាំង។ ហេតុការណ៍នេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសឡើយ។
អគ្គនាយកដ្ឋានអាកាសចរស៊ីវិលរបស់ប្រទេសឥណ្ឌា បានចេញសេចក្ដីជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ឲ្យផ្ដល់ដំបូន្មានដល់អ្នកដំណើរក្នុងការបិទទូរស័ព្ទត្រកូល Galaxy Note ទាំងអស់ក្រុមហ៊ុន Samsung នៅក្នុងអំឡុងពេលហោះហើរ។
គួរបញ្ជាក់ផងដែរថា Galaxy Note 7 បានកើតមានបញ្ហាផ្ទុះឆេះពេលកំពុងសាកថ្ម រហូតដល់ប្រកាសប្រមូលនៅជុំវិញពិភពលោកចំនួន ២.៥លានគ្រឿង ហើយតាមការបញ្ជាក់ពី Samsung បានឲ្យដឹងថា បញ្ហានេះ បានធ្វើឲ្យប្រាក់ចំណូលធ្លាក់ចុះ ៥ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ Reuters
មតិយោបល់