នៅរសៀលថ្ងៃទី២១ តុលានេះ ផលិតកម្មមហាហង្ស បានធ្វើសន្និសីទកាសែតធំមួយ ស្ដីពីការប្រកាសដាក់បញ្ចាំងរឿង “បណ្ដឹងស្រីទាំង៥” ។ ពិធីនេះត្រូវបានធ្វើឡើង នៅផ្សារទំនើបអ៊ីអន ដោយមានផលិតករ និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម ។
លោកស្រី ពាន់ ភួងបុប្ផា ផលិតកររឿងនេះបានថ្លែងប្រាប់ថា នេះជារឿងលើកដំបូង ដែលខាងផលិតមហាហង្ស បានសហការផលិតជាមួយលោកស្រី ដោយមានការចូលរួមសម្ដែងពី សំណាក់តារាល្បីៗ ជាច្រើននៅក្នុងពិភពសិល្បៈ ។ លោកស្រីថារឿងនេះ នឹងដាក់បញ្ជាំងជាផ្លូវការនៅថ្ងៃទី ៩ វិច្ឆិកា គ្រប់បណ្ដារោងទាំងអស់នៅភ្នំពេញ និងខេត្តសៀមរាប ។ លោកស្រីថារឿងនេះ មានការចំណាយខ្ពស់ បើធៀបនឹងរឿងកន្លងមក របស់មហាហង្ស ដោយសារតែតួសម្ដែងសុទ្ធតែ ជាតារាល្បីឈ្មោះ និងមានតម្លៃខ្លួនខ្ពស់ ។ រឿងនេះក៍បង្ហាញពីអាថ៍កំបាំងនៃការសម្លាប់នារីទាំង៥ ដែលលោកស្រីថាឆ្អឹងរឿង ដ៍គួរឲ្យចាប់អារម្មណ៍ នៅពេលដាក់បញ្ជាំងនោះផងដែរ ។
លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្ស បញ្ជាក់ថារឿងនេះចម្រុះសុទ្ធតែ តួល្បីឈ្មោះ ដូចជា អ្នកនាងសុខ សោម៉ាវត្តី កញ្ញា នី មុន្នីនាថ កញ្ញា គៀត សុវណ្ណាឡាង កញ្ញា មាន សូនីតា លោកយ៉ែម សំអូន លោក ភឹម តារាវិបុល លោក អូន ឧស្សាហ៍ និង អ្នកនាង សូដា នីតា ជាដើម ។ លោកថារឿងនេះ ខ្លួនមានការរំពឹងខ្ពស់ បើទោះជាការចំណាយ មានកម្រិតច្រើនខុសពីរឿងមុនៗ ។
ខាងក្រោមនេះ ជាទិដ្ឋភាព សន្និសីទកាសែតរឿង”បណ្ដឹងស្រីទាំង៥” កាលពីរសៀលថ្ងៃទី ២១ តុលា ៖
មតិយោបល់