ចាត់ទុកជារឿងរសើបទៀតហើយ ខណៈដែលភ្លើងជម្លោះរវាងលោកប៉ែន ចំរ៉ុង និងលោកអ៊ិន សុភិន ត្រូវគេឃើញផ្ទុះឡើងកាន់តែក្ដៅគគុក ស្រាប់តែមានដំណឹងថាខាង PNN បានបើកកិច្ចប្រជុំចង់ដកលោកប៉ែន ចំរ៉ុង ចេញពីពិធីករ តែត្រូវបានលោកគួច ខេវិន ចេញមុខការពារ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ លោកគួច ខេវិន បានអះអាងថានោះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ ដោយលោកថា ប៉ែន ចំរ៉ុង ជាតារានៅក្រោមបង្គាប់របស់លោក ហើយផលិតករថៃមិនមានសិទ្ធិសម្រេចលើពិធីកររបស់លោកនោះឡើយ។
តារាសិល្បៈ និងបុគ្គលិកកាន់តែច្រើន បានបន្តលើកឡើងថា កាលពី២សប្ដាហ៍មុន ផលិតករថៃ និងខ្មែរមួយក្រុមនៅទូរទស្សន៍ PNN បានប្រជុំគ្នាចង់ដកតំណែងលោកប៉ែន ចំរ៉ុង ពីកម្មវិធី Super Sunday ដែលជាកម្មវិធីតន្ត្រីបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ។
ប្រភពនោះនិយាយថា តាំងពីលោកប៉ែន ចំរ៉ុង ផ្ទុះរឿងមិនល្អ កម្មវិធីមួយនេះធ្លាក់ចុះប្រជាប្រិយភាពជាងមុន ដោយខាងស្ពុនស័របានឈប់ផ្សាយពាណិជ្ជកម្ម និង មិនមានក្រុមហ៊ុនចូលថ្មី។ ក្រុមដដែលបន្តថា បើកុំតែបានលោកគួច ខេវិន ទទូចសុំ និងការពារ គឺប៉ែន ចំរ៉ុង នឹងត្រូវបាត់មុខពីកម្មវិធីនោះតាំងពីអាទិត្យមុនម្ល៉េះ។
ប្រភពនោះនិយាយថា«មេថៃអត់សប្បាយចិត្តទេ ដោយសារកម្មវិធីចំរ៉ុងកាន់ ធ្លាក់ចុះRating (អត្រាអ្នកទស្សនា)មែនទែន តែបងគួច ខេវិន គាត់សុំកុំឲ្យដក ទើបខាងPNN ស្ទាក់ស្ទើររឿងហ្នឹង!»។ មានការព្រលយថា តំណែងរបស់លោកប៉ែន ចំរ៉ុង នឹងត្រូវរង្គោះរង្គើមិនយូរមិនឆាប់ ប្រសិនបើកម្មវិធីបន្តផ្ទាល់របស់PNN គឺSuper Sunday និងកម្មវិធីផ្សេងទៀតដែលប៉ែន ចំរ៉ុង ចេញមុខ បន្តធ្លាក់ចុះប្រជាប្រិយភាព ឬមានការស្នើសុំពីខាងស្ពុនស័រ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះ លោកគួច ខេវិន អ្នករៀបចំកម្មវិធីបានអះអាងថា នោះគ្រាន់តែជាពាក្យចចាមអារ៉ាមដែលលោកបានឮប៉ុណ្ណោះ តែការពិតគឺគ្មានអ្នកណាមកសំណូមពរ ឬទាមទារអោយដកលោកប៉ែន ចំរ៉ុង នោះឡើយ។ លោកថារឿងរ៉ាវឯកជនរបស់ចំរ៉ុង គឺជារឿងឯកជន ហើយចំពោះស្ពុនស័រលោកថាគឺទោះកម្មវិធីរបស់ប៉ុស្ដិ៍ណាក៏មានបញ្ហាត្អូញត្អែរពីរឿងពិបាករកស្ពុនស័រនោះដែរ ដោយសារតែកម្មវិធីកម្សាន្តរបស់ទូរទស្សន៍មានកាន់តែច្រើន។
លោកថា ប៉ែន ចំរ៉ុង ជាបុគ្គលិកឆ្នើមទទួលខុសត្រូវខ្ពស់ និងបំពេញការងារបានល្អ ដោយកម្មវិធីរបស់លោកគឺនៅតែទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនា។ លោកថាកម្មវិធីដែលលោកគ្រប់គ្រងមិនថានៅPNN និង ETV គឺលោកមានសិទ្ធិសម្រេចលើតួនាទីពិធីករគ្រប់គ្នា ដោយភាគីថៃ ឬភាគីណាមួយមិនមានសិទ្ធិបញ្ជាអោយដកពិធីករពិធីការិនីរបស់លោកនោះឡើយ។
លោកថា ពាក្យចចាមអារ៉ាមនោះកើតឡើងយូរមកហើយ តែលោកហ៊ានអះអាងថាអោយតែកម្មវិធីរបស់លោក គឺអត់មានបញ្ហាចំពោះលោក ប៉ែន ចំរ៉ុងនោះឡើយ។ ផ្ទុយទៅវិញលោកថែមទាំងបានបង្ហើបថានឹងត្រៀមផលិតកម្មវិធីអោយលោកប៉ែន ចំរ៉ុង ដើម្បីចេញមុខបន្ថែមនៅទូរទស្សន៍បាយ័ននោះផង៕
មតិយោបល់