ភ្នំពេញៈ បើមិនមានការប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ស្អែកនេះ តុលាការគ្រោងនឹងបើកសវានាការកាត់ទោសលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ពាក់ព័ន្ធសំណុំរឿង សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
យោងតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងក្រុងភ្នំពេញ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ សវនាការនៅព្រឹកស្អែកមានសមាភាពជំនុំជម្រះដូចខាងក្រោម៖
១ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សា
២ លោក សេង លាង ចៅក្រមប្រឹក្សា
៣ លោក ពេជ្រ វិជ្ជាធរ ចៅក្រមប្រឹក្សា
៤ លោក សៀង សុខ តំណាងអយ្យការ
ទាក់ទងនឹងសំណុំរឿងនេះ លោក ជូង ជូងី មេធាវីការពារសិទ្ធិលោក ហុង សុខហួរ បានថ្លែងថា លោក និងសភាតា ចំនួន៣រូបទៀត នឹងចូលរួមនៅក្នុងសវនាការនាព្រឹកស្អែកនេះ។ លោកមេធាវីបានបញ្ជាក់ថា កូនក្តីលោក គឺលោក ហុង សុខហួរ ក៏ចូលរួមក្នុងសវនាការនេះផងដែរ។
គួររំឮកថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥កន្លងទៅ។
លោក ហុង សុខហួរ ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ តំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម យោងតាមមាត្រា៦២៩ មាត្រា ៦៣០និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណគការក្លែងសន្ធិសញ្ញា ព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៧៩ ត្រង់ មាត្រា៤ និងយក ឯកសារក្លែងនោះទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
លោក ហុង សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះ របស់លោក យន្ត ថារ៉ូ អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យរបស់ គណបក្សសង្គ្រោះជាតិ នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយមកលោក ហុង សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួន ទៅតុលាការនៅរសៀលថ្ងៃដដែលដើម្បីបន្តនីតិវិធី៕
មតិយោបល់