មានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីតារាសម្ដែងស្រីស៊ិចស៊ី ដែលត្រូវគេស្គាល់ថាឡើងកូដ បានមួយឆាវកាលពីមួយរយៈពេលមុន ស្រាប់តែមានគេទម្លាយថា បានសម្ងំរួមរស់ជាមួយមន្ត្រីគយម្នាក់ ដោយកំពុងធ្វើឲ្យភរិយាកូន៣ របស់បុរសនោះដេកយំ ។ យ៉ាងណាមិញ តារាស្រីរូបនេះ បានអះអាងថាស្វាមីមិនទាន់រៀបការរបស់ខ្លួន លែងមានអ្នកមុនទៀតហើយ គឺមានតែនាងម្នាក់គត់ ដោយមិនមែនជាប្ដីគេនោះទេ ។
ប្រភពដែលអាចទុកចិត្តបានទម្លាយកាន់តែច្រើន ពីទំនាក់ទំនង និងរូបថតរបស់ ឆាយ ស្រីពេជ្រ ដែលអ្នកណាក៏ស្គាល់ថា ជាតួអង្គសំខាន់មួយក្នុងរឿង«ទឹកចិត្តប្រពន្ធ» រឿង«គំនុំស្នេហ៍អតីតជាតិ» និងរឿង«មីនុយធ្នាក់អន្ទ្រាក់ស្នេហ៍» ជាមួយនឹងបុរសមន្ត្រីគយ ដែលត្រូវគេអះអាងថាមានប្រពន្ធ និងកូន៣ក្រោមបន្ទុក។ នេះជាការលេចឡើងដ៏រសើប បន្ទាប់មួយរយៈមុនមានការចុះផ្សាយជាហូរហែរថា នាងជាប់ស្នេហ៍ជាមួយបុរសផ្កាយ៤ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលផងដែរ។ តារាសិល្បៈកាន់តែច្រើនបានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីដំណឹងស្នេហាថ្មី របស់នាងត្រូវបានទម្លាយ ជាពិសេសក្នុងពេលដែលគេគ្រប់គ្នាប៉ាន់ស្មានថា នាងទំនងជាសម្ងំទទួលបុរសផ្កាយ៤ ទើបបាត់មុខពីសិល្បៈ ស្រាប់តែមកផ្ទុះរឿងជាមួយមន្ត្រីគយកូន៣បែបនេះ ។ ប្រភពជាច្រើនដែលបញ្ចេញព័ត៌មាន របស់នាងបានចោទប្រកាន់ថា ឆាយ ស្រីពេជ្រ កំពុងល្អូកល្អិនជាមួយបុរសវ័យជាង៤០ឆ្នាំ ជាមន្ត្រីគយកូន៣ ហើយបុរសនោះក៏ងប់ស្រឡាញ់នាងណាស់ដែរ ទើបបណ្ដាលឲ្យក្ដៅក្រហាយដល់ភាគីប្រពន្ធដើម ហើយនាំឲ្យដំណឹងស្នេហ៍របស់នាងត្រូវបានទម្លាយឡើង ក្ដៅគគុកពីសំណាក់ជនអនាមិក។ យ៉ាងណាក៏ដោយក្នុងបទសម្ភាសន៍ ជាមួយបណ្ដាញសារព័ត៌មានសមីខ្លួនរូបនេះ បានឆ្លើយខុសពីការទម្លាយចេញ។
ឆាយ ស្រីពេជ្រ និយាយថា ហេតុផលដែលនាងបាត់មុខពីវិថីសិល្បៈ គឺមិនមែនដោយសារតែនាង ជាប់ស្នេហ៍ជាមួយផ្កាយ៤នោះទេ ប៉ុន្តែគឺនាងពិតជាជាប់ជំពប់នឹង បុរសម្នាក់ប្រាកដមែន។ ប៉ុន្តែនាងបដិសេធមិនឆ្លើយថាបុរសម្នាក់នោះ ជាមន្ត្រីគយកូន៣ដូចអ្វីដែលបានបែកធ្លាយនោះឡើយ។ នាងនិយាយថាខ្លួននៅជិតប្ដី ហើយនាងក៏មិនចង់បន្តការងារសិល្បៈទៀតដែរ ទើបមិនខ្វល់នឹងការចុះផ្សាយ។ ស្រីពេជ្រ បានឆ្លើយដោយក្លាហានពាក់ព័ន្ធនឹងរឿងមានប្ដី ដោយមិនមានដំណឹងរៀបការនេះថា«អូ! ឥឡូវខ្ញុំកំពុងតែនៅជាមួយប្តីពិបាកនិយាយណាស់បង គាត់នៅក្បែរខ្ញុំហ្នឹង ហើយទូរស័ព្ទដូចជាអត់សូវឮទៀត។ ឥឡូវខ្ញុំឈប់ពីសិល្បៈហើយ ព្រោះប្តីខ្ញុំគាត់មិនឲ្យខ្ញុំលេងសិល្បៈទៀតទេ»។
ឆ្លើយតបសំណួរថាមានការបកស្រាយយ៉ាងណា ចំពោះព័ត៌មានដែលថានាងបាន ជាប់ពាក់ព័ន្ធបុរសកូន៣ជាមន្ត្រីគយ រហូតបណ្ដាលឲ្យភរិយាដើមមានការក្ដៅក្រហាយ នាងថានោះមិនមែនជាការពិត។ នាងថាស្វាមីរបស់នាង បើទោះជាមុនជួបនាង មានការពាក់ព័ន្ធអ្នកផ្សេង ប៉ុន្តែក្រោយពេលស្រឡាញ់នាង គឺលោកបានដាច់ស្រេចជាមួយអ្នកមុនអស់ហើយ។ នាងបដិសេធបញ្ជាក់លម្អិតពីអត្តសញ្ញាណស្វាមី តែបែរជាមិនខ្វល់ចំពោះការបង្ហោះរូបនាងជាមួយមន្ត្រីគយ ដែលត្រូវគេចោទថាជាស្វាមីលួចលាក់របស់នាងនោះ។ នាងថាខ្លួន និងប្ដីអត់មានគម្រោងរៀបការនោះទេ តែកំពុងពិចារណាយកកូនឆាប់ៗ ដោយសារតែប្ដីចង់បាន។ នាងនិយាយថា“អត់ទេបង! ប្តីខ្ញុំគាត់មានតែខ្ញុំម្នាក់តើ! ពីមុនគាត់ធ្លាប់មានអីណាអីណីមែន តែពេលនេះគាត់មានតែខ្ញុំម្នាក់ទេ!”។
ឆាយ ស្រីពេជ្រ ហាក់មិនខ្វល់ពីការចោទថា នាងដណ្ដើមប្ដីគេ ដែលត្រូវគេចាប់អារម្មណ៍ថា បានក្លាយជារឿងកំរើកមហាជននោះឡើយ ដោយនាងបញ្ជាក់យ៉ាងខ្លីថា រឿងអ្នកផ្សេងនិយាយគឺនាងអត់ខ្វល់៕






















មតិយោបល់