ផ្អែកតាមការរៀបរាប់របស់អ្នកនាងចន ច័ន្ទលក្ខិណា នៅលើគណនេយ្យផ្ទាល់ខ្លួន គឺអ្នកនាងទៅកាន់ប្រទេសកូរ៉េនៅក្នុងពេលនេះ ក្នុងបំណងចូលរួមសម្ពោធផ្ទះស្នាក់នៅមួយកន្លែងឲ្យពលករខ្មែរនៅកូរ៉េ។ វត្តមានរបស់អ្នកនាងត្រូវបានបញ្ជាក់ថា ជាការអញ្ជើញរបស់ក្រុមការងារលោក លោកហ៊ុន ម៉ាណែត ទើបអ្នកណាៗក៏ផ្ដោតការកោតសរសើរថា អ្នកនាងគឺជាតារាដែលមានកេ្រឌីត ដែលក្រៅពីមានទីផ្សារក្នុងស្រុក រកពេលសម្រាកមិនបាន ក៏ទទួលបានឱកាសយ៉ាងកម្រមួយនេះបន្ថែមទៀត។
លោកសុគន្ធ ថេរ៉ាយុ បានបញ្ជាក់មុនពេលចាកចេញទៅកាន់ប្រទេសកូរ៉េ ជាមួយអ្នកនាងចន ច័ន្ទលក្ខិណា គឺជាការអញ្ជើញរបស់ក្រុមការងារថ្នាក់ដឹកនាំ ដើម្បីអមដំណើរលោកហ៊ុន ម៉ាណែត ទៅចូលរួមក្នុងពិធីមួយនៅក្នុងប្រទេសកូរ៉េ។ យ៉ាងណាមិញ លោកថាមិនបានដឹងថាពិធីនោះ ជាកម្មវិធីអ្វីនោះទេ ដោយសារតែលោកមិនបានដឹងពីព័ត៌មានលម្អិត។ អ៊ីចឹងហើយទើបអ្នកណាក៏ភ្ញាក់ផ្អើលនៅ ពេលមានការបញ្ជាក់ថាពិធីនោះ ជាពិធីបើកសម្ពោធផ្ទះស្នាក់នៅ ឲ្យពលករខ្មែរនៅក្នុងប្រទេសកូរ៉េ។ នៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួន របស់អ្នកនាងចន ច័ន្ទលក្ខិណា អ្នកនាងបានអះអាងថាអ្នកនាងទៅកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមសម្ពោធផ្ទះស្នាក់នៅមួយកន្លែង ក្នុងតំបន់ស៊ូវុន ទុកឲ្យពលករខ្មែរដែលមិនទាន់មានការងារធ្វើស្នាក់នៅ។ អ្នកនាងឆ្លើយតបទៅកាន់អ្នកគាំទ្រ ក្នុងពេលផ្ដិតទិដ្ឋភាពដើរកម្សាន្ត នៅទីក្រុងសេអ៊ូលថា ពិធីសម្ពោធនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ វិច្ឆិកា នៅក្នុងតំបន់ស៊ូវុន ដែលមានពលករខ្មែរជាច្រើនរស់នៅ។ អ្នកនាងថាពិធីបើកសម្ពោធនោះ នឹងមានពលករខ្មែរជាច្រើនចូលរួម ទើបតារាទាំង៥រូបរួមមានអ្នកនាង លោកសុគន្ធ ថេរ៉ាយុ កញ្ញាឌួង ហ្សូរីដា កញ្ញាឌួង ហ្សូរីម៉ា និងកញ្ញាគង់ ចាន់រដ្ឋា នឹងមានកម្មវិធីធ្វើច្រើន តែអ្នកនាងមិនបានបញ្ជាក់ថា កម្មវិធីនោះគឺជាការសម្ដែងអ្វីខ្លះនោះទេ។
គួរបញ្ជាក់ថា ពិធីដែលត្រូវធ្វើឡើងនៅក្នុងប្រទេសកូរ៉េនេះ គឺជាការបើកសម្ពោធផ្ទះស្នាក់នៅ របស់ពលករខ្មែរ នៅក្នុងប្រទេសកូរ៉េ ដោយមានពិធីសំណេះសំណាល រវាងលោក ហ៊ុន ម៉ាណែត និងពលករខ្មែរជាទ្រង់ទ្រាយធំ។ អ៊ីចឹងហើយទើបអ្នកណាៗក៏មើលឃើញថាអ្នកនាងចន ច័ន្ទលក្ខិណា នឹងលេចធ្លោជាងគេ ក្នុងចំណោមតារាដែលបានទៅទីនោះ ដោយសារតែអ្នកនាងជាតារាដែលនាំមុខ នូវប្រជាប្រិយភាព បើទោះជាអ្នកនាងមិនមែនជាតារាចម្រៀង ដែលអាចបង្ហើសំនៀងដើម្បីកន្ត្រាក់ការចាប់អារម្មណ៍ របស់យុវវ័យ ក្រៅពីអត្ថាធិប្បាយ និងដើរម៉ូដ ៕
មតិយោបល់