ក្នុងឱកាសចេញខែកូនស្រីគម្រប់មួយខែកាលពីថ្ងៃទី៦ វិច្ឆិកា តារាសម្ដែងល្បីឈ្មោះនាងភិន សុដាលីស បានរៀបចំពិធីជប់លៀងយ៉ាងធំដុំ ដោយទទួលសុទ្ធតែអាហារប៊ុហ្វេជាទ្រង់សណ្ឋាគារខ្នាតធំតែម្ដង។ ពិធីនេះត្រូវបានប្រកាសថាចំណាយអស់២ម៉ឺនដុល្លារ និងមានតារាសិល្បៈ និងមិត្តភ័ក្រ្តរបស់នាងចូលរួមយ៉ាងច្រើនកុះករ។
លោកអ៊ិន សុភិន បានអះអាងថាពិធីចេញខែចៅស្រីដែលជាដំណក់ឈាមរបស់កូនស្រី និងលោកប៉ែន ចំរ៉ុងនេះ លោកចំណាយលើម្ហូបប៊ុហ្វេអស់ប្រមាណជាង៧០០០ដុល្លារ និងស្រាក្រហមអស់ជាង៧០០០ដុល្លារ ដោយមិនទាន់រាប់បញ្ចូលថ្លៃភ្លេង ថ្លៃដេគ័រជារោង និងភេសជ្ជៈនោះទេ។
លោកថាពិធីនេះមានអ្នកចូលរួមសរុប២០០នាក់ ដោយភាគច្រើនគឺជាតារាសិល្បៈ និងមួយផ្នែកជាសមាជិកគ្រួសាររបស់លោក និងមិត្តភ័ក្រ្តរបស់ភិន សុដាលីស។ លោកថាសប្បាយចិត្តដែលបានអំណោយចៅស្រីដែលត្រូវភិន សុដាលីស អោយឈ្មោះថា ភិន សុខេធឺរីណា ហៅខេត ជាលើកដំបូងប្រចាំគ្រួសារ អ៊ីចឹងហើយទើបលោកសម្រេចចិត្តចំណាយអោយអស់ដៃដើម្បីធ្វើពិធីចេញខែរបស់ចៅស្រីនេះ ក្នុងទ្រង់ទ្រាយអធឹកអធម។
ក្នុងពិធីចេញខែរបស់កូនស្រីភិន សុដាលីស នោះ គេឃើញបណ្ដាភ្ញៀវកិត្តិយសមានការចូលរួមយ៉ាងច្រើនកុះករ ដោយក្នុងបរិវេណវីឡាស្កឹមស្កៃរបស់អ៊ិន សុភិន ត្រូវបានរៀបចំជារោងមង្គលធំដុំ ដំរាបដោយតុអាហារប៊ុហ្វេច្រើនមុខទាំងអាហារខ្មែរ ថៃ និងជប៉ុន អមដោយចំណីចំណុក មិនខុសគ្នាតុអាហារប៊ុហ្វេពេលយប់ក្នុងភោជនីដ្ឋានទន្លេបាសាក់ ដោយមានស្រាក្រហមមកពីប្រទេសបារាំងទទួលភ្ញៀវមិនខុសពីពិធីក្រុមអភិជននៅក្នុងសង្គមជាន់ខ្ពស់។
លោកអ៊ិន សុភិន បញ្ជាក់ថានេះជាពិធីជួបគ្រួសារ និងតារាសិល្បៈធំមួយអបអរចៅស្រី ដោយលោកនិយាយថាថវិកាចំនួន២ម៉ឺនដុល្លារ គឺជាចំណែកតិចតួចប៉ុណ្ណោះ ដែលលោកបំពេញមុខអោយចៅស្រី និងកូនស្រីដើម្បីអោយនាងសប្បាយចិត្ត។
លោកថាខ្លួននឹងខំបំពេញតួនាទីជាឪពុក និងជាជីតាឲ្យបានល្អដើម្បីអោយភិន សុដាលីស និងកូនស្រីរបស់នាងកក់ក្ដៅ បើទោះជានាងបានធ្លាក់ខ្លួនជាស្រ្តីមេម៉ាយ និងជាក្មេងកំព្រា។
តារាសិល្បៈដែលបានបង្ហាញខ្លួននៅក្នុងពិធីចេញខែកូនស្រីរបស់ភិន សុដាលីស កាលពីយប់ថ្ងៃទី៦ វិច្ឆិកា រួមមាន តារាសម្ដែងលោកអ៊ឹង សុធារិទ្ធិ លោកជា វណ្ណារិទ្ធិ កញ្ញាញឹម ចាន់ថន កញ្ញាថន លក្ខិណា លោកហង្ស សម្បើមស័ក្ត លោកយឹម សម្បត្តិ លោកហេង ស៊ីមន លោកអូន ឧស្សាហ៍ អ្នកនាងសឿន ផាភួង លោកងួន សុបិន្ត អ្នកនាងកាតុ អ្នកនាងប៉េងប៉ោង និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀត៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=lmQl5DtW5uE&feature=youtu.be
មតិយោបល់