ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួង សុខគា ព្រមានដើរចេញពីCTN

បន្ទាប់ពីបានទម្លាយឲ្យដឹងពីទំនាស់អន់ចិត្តជាមួយលោកតាវ៉ិចទ័ររហូតដល់ថ្នាក់មិនព្រមត្រលប់ចូលកម្មវិធី«សំណើចតាមភូមិ» និងកម្មវិធី«ផ្ទះលោកតា» លោកដួង សុខគា ក៏បានព្រមានដើរចេញពីCTN ផងដែរ ប្រសិនបើលោកតាវ៉ិចទ័រ ឬ ថ្នាក់ដឹកនាំស្ថាប័ននេះ ធ្វើឲ្យលោកមិនសប្បាយចិត្ត។ យ៉ាងណាក៏ដោយលោកថាអ្វីៗនៅមិនទាន់ស្មានដឹងនៅឡើយទេ ដោយសារតែក្រោយមានបញ្ហា គឺស្ថានភាពការងាររបស់លោកនៅតែដដែល។

លោកដួង សុខគា និយាយថា បើទោះជាលោកសម្រេចចិត្តដើរចេញពីកម្មវិធីខាងលើរបស់លោកតាវ៉ិចទ័រនៅតែជាមេកើយរបស់ខ្លួន ដោយសារតែលោកគឺជាប្រធានផលិតកម្មវិធីកម្សាន្តនៅCTN ។ លោកអះអាងថាក្រោយពេលទំនាក់ទំនងរបស់លោក និងលោកតាវ៉ិចទ័រ ជាពិសេសគឺជាមួយក្រុមកំប្លែងនាយពែកមីមានភាពល្អក់កករ លោកថាខ្លួនចាំអ៊ុតមើលពីស្ថានភាពការងាររបស់លោកតើមានសម្ពាធ ឬ យ៉ាងណាជាមុនសិន ទើបអាចច្បាស់ថានៅបន្តការងារ ឬដើរចេញ? លោកនិយាយថា«តាំងពីមានបញ្ហាហ្នឹង ខ្ញុំចាំមើលដូចគ្នាតើគាត់(លោកតាវ៉ិចទ័រ) និងថ្នាក់លើនៅCTN គាត់គិតយ៉ាងមិចជាមួយខ្ញុំ បើគាត់ឲ្យតម្លៃខ្ញុំ ខ្ញុំបន្តការងារនៅហ្នឹង តែបើមានបញ្ហាហើយអត់សប្បាយចិត្ត ខ្ញុំក៏នឹងដើរចេញដែរ!»

លោកថាបុគ្គលម្នាក់ៗសុទ្ធតែមានជម្រើសរៀងខ្លួន គឺមិនមែនបន្តធ្វើការនៅក្នុងស្ថានភាពមួយ ដែលធ្វើឲ្យលោកស្មុគស្មាញនោះទេ។ ជាក់ស្ដែងក្រោយពេលផ្ទុះរឿងមិនល្អ លោកថាក៏មានស្ថាប័នពីទូរទស្សន៍ផ្សេងទាក់ទងលោកយកទៅបម្រើការផងដែរ ទើបលោកថាខ្លួនគឺមានជម្រើសគ្រប់គ្រាន់។

លោកនិយាយថា«ឥឡូវដ្បិតថាយើងមានបញ្ហាខ្លះនឹងគ្នាមែន តែបើគាត់(លោកតាវ៉ិចទ័រ)គោរពតួនាទីគាត់ ហើយថ្នាក់លើក៏មិនមានបញ្ហាអីចំពោះខ្ញុំ គឺវាអត់អីទេ ចឹងបានខ្ញុំថាចាំមើលសិន!»។ លោកសុខគា យល់ថាខ្លួនមានសមត្ថភាព ដូច្នេះបើទោះជាត្រូវចាកចេញទៅកាន់ស្ថាប័នណាក៏មិនខ្វះស្ថាប័នឈរជើង និងមានកម្មវិធីឲ្យលោកលេចធ្លោរនោះដែរ។ លោកព្រមានដើរចេញ ដោយអះអាងថាបើលោកបាត់មុខពី CTN នោះគឺមានន័យថាលោកបានទទួលសម្ពាធដែលលោកមិនចង់ប្រឈមនោះហើយ។

លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានអះអាងថាលោកមិនមានកូនចិត្តធ្វើឲ្យលោក ដួង សុខគា មានបញ្ហាសតិអារម្មណ៍ ក្រោយការផ្ទុះរឿងអន់ចិត្តគ្នានោះទេ។ លោកថាខ្លួនតាំងចិត្តមេដូចឪពុក ដូចម្ដាយ ដូច្នេះឲ្យតែលោកសុខគាបំពេញកាតព្វបានល្អ គឺក្រៅពីគ្មានគំនិតមិនល្អលើ ក៏នឹងលើកទឹកចិត្ត ហើយការពារដូចមុនដដែល បើទោះជាលោកសុខគា នៅតែយល់ថាលោកជាមេដឹកនាំមិនល្អ។ លោកថាខ្លួននៅតែបើកទ្វារទទួលលោកសុខគា ឲ្យត្រលប់មកកាន់មកកាន់កម្មវិធី«ផ្ទះលោកតា»និង«សំណើចតាមភូមិ»វិញ តែបើឲ្យលោកអង្វរក៏មិនមានដែរ ដើម្បីកុំឲ្យពិធីកររូបនេះទើសទាល់៕
doung-sokea-1

doung-sokea-2doung-sokea-3doung-sokea-4doung-sokea-5doung-sokea-6

មតិយោបល់