ភ្នំពេញៈ ក្រុមក្មេងទំនើងជាង២០នាក់ប្រដាប់ដោយដាវសាំម៉ូរៃ និងដំបងលើកគ្នាមកព្រួតវាយយុវជនម្នាក់ដល់កន្លែងធ្វើការឃ្លាំងអង្ករ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានចំនួន១២នាក់ កាលពីវេលាយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចឃ្លាំងអង្ករមួយកន្លែងស្ថិតក្នុងភូមិព្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករធ្វើការនៅក្នុងឃ្លាំងអង្ករ មានទីលំនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមក្មេងទំនើងមកវាយជនរងគ្រោះទាំង១២នាក់នោះរួមមាន ទី១. ឈ្មោះ ពៅ
វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ទី២. ឈ្មោះ ឱម មិណៃ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣. ឈ្មោះ នាវ ម៉ី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ទី៤. ឈ្មោះ ខេន ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៧ វិទ្យាល័យជាស៊ីមឈូកវ៉ា ទី៥. ឈ្មោះ ម៉ៅ រាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្តិសុខឯកជន ទី៦. ឈ្មោះ ណាក់ ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងម៉ូតូ ទី៧. ឈ្មោះ ឃុន បូរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករឃ្លាំងក្រណាត់ ក្បែរសាលាកូរ៉េ ទី៨. ឈ្មោះ វ៉ន សាវ័ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ទី៩. ឈ្មោះ នង រិទ្ធីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទី១០. ឈ្មោះ នួន ឧត្តុង ភេទប្រុស អាយុ១៦ឆ្នាំ ទី១១. ឈ្មោះ វ៉ន វាត់ ភេទប្រុស អាយុ១៨ឆ្នាំ យុវជនបង្កទាំង១១នាក់នេះមានទីលំនៅ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងទី១២. ឈ្មោះ ហយ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករគ្រឿងសង្ហារឹម ជិតស្តុបមេភ្លើង ស្នាក់នៅផ្ទះជួលក្បែរវត្តតាំងកសាង។ ព្រមទាំងដកហូតបានវត្ថុតាំងដូចជា ដាវសាមូរ៉ៃ១ដើម ដំបងមានដែកគោល១ដើម ខ្សែក្រវ៉ាត់១ និងម៉ូតូ៣គ្រឿង ទី១. ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ក ៦៤២៦ កណ១ ទី២. ម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1Q-4723 និងទី៣. ម៉ាក ហ្វូសាល់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-5968។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេកំពុងធ្វើការជាមួយជនបង្ក ដោយជនបង្កជាអ្នកច្រកអង្ករ ចំណែករូបគេជាអ្នកលើកបាវអង្ករតម្រៀបទុក ខណៈពេលកំពុងធ្វើការជាមួយគ្នាជនរងគ្រោះបានឈរចុចទូរសព្ទ ស្រាប់តែជនបង្កឃើញបានបោះពាក្យសំដីថា ស្អីហា ម៉ោងធ្វើការមិនគិតធ្វើទេ គិតតែពីលេងទូរសព្ទ។ ពេលដែលជនបង្កនិយាយនោះ រូបគេមិនបានតបតជាមួយទេ ហើយនៅតែចុចទូរសព្ទបន្តទៀត ស្រាប់តែមិនដឹងយ៉ាងម៉េច ជនបង្កបានដើរទៅក្រៅមួយសន្ទុះ ហើយក៏ដើរចូលមកវិញធ្វើការធម្មតាគ្រាន់តែនិយាយថា ហ្អែងចាំមើល។ បន្តិចក្រោយមកក៏ផ្អើលថា មានស្ទាវប្រហែលជា២០នាក់ប្រដាប់ដោយដាវ ដំបង សម្រុកចូលឃ្លាំងអង្ករ តែត្រូវសមត្ថកិច្ចឃាត់បានហើយ។ ក្នុងពេលនោះដែរ ជនបង្កបានបន្លំខ្លួនគេចបាត់ស្រមោលបាត់៕
មតិយោបល់