ព័ត៌មានជាតិ

កម្ពុជាមានវិទ្យាស្ថានម្ហូបអាហារកម្រិតអន្តរជាតិ នឹងជួយពង្រីកជំនាញក្នុងវិស័យទេសចរណ៍

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងថា ពេលនេះកម្ពុជាមានសាលាបណ្តុះបណ្តាលផ្នែកម្ហូបអាហារប្រកបដោយស្តង់ដារអន្តរជាតិមួយ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅផ្តល់សេវាប្រកបដោយគុណភាពនិងជាទីពេញចិត្តសម្រាប់ភ្ញៀវ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy Culinary Arts Cambodia) កាលពីថ្ងៃទី២២ កន្លងទៅនេះថា នេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតសម្រាប់វិស័យម្ហូបអាហារ ហើយសាលាបណ្តុះបណ្តាលមួយនេះមានកម្មវិធីសិក្សារយៈពេលយ៉ាងតិច២ឆ្នាំ និងបណ្តុះបណ្តាលគ្រូបំប៉នអ្នកជំនាញចាស់ៗចំនួន៣០០នាក់ក្នុងមួយឆ្នាំៗនិងមានការទទួលស្គាល់ជាអន្តរជាតិផងដែរ។

លោក ថោង ខុន បញ្ជាក់ថា “អ្វីដែលមាននៅទីនេះទាំង Design ទាំងរបស់របរសម្ភារៈឧបករណ៍ប្រើប្រាស់ សម្រាប់ការបណ្តុះបណ្តាលសុទ្ធតែទំនើបៗ។ ខ្ញុំក៏ដូចអ្នកជំនាញចុងភៅដែរ មានការពេញចិត្ត និងសប្បាយចិត្តណាស់”។

វិទ្យាស្ថានម្ហូបអាហារកម្ពុជានេះ នឹងទទួលសិស្សថ្មីចូលរៀនដោយចាប់ផ្ដើមលក់ និងទទួលពាក្យចុះឈ្មោះចូលរៀននៅខែធ្នូ ឆ្នាំ២០១៦ខាងមុខ។ វិទ្យាស្ថានមានទីតាំងនៅក្នុងសាកលវិទ្យាល័យអាស៊ានចាស់ ផ្លូវលេខ១៣៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា ខាងកើតវិទ្យាល័យបាក់ទូក។

សូមរំលឹកផងដែរថា ក្រសួងទេសចរណ៍កម្ពុជាបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយអង្គការមូលនិធិ shift 360 foundation កាលពីឆ្នាំ២០១០ នៅទីក្រុង Lugano ប្រទេសស្វីស។ ប៉ុន្តែការយឺតយ៉ាវនៃការងារនេះ សំខាន់លើការស្វែងរកទីតាំងឲ្យបានសមស្រប តែកំឡុងពេលនេះ ក្រោមកិច្ចសហការដ៏ល្អរវាងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ពិសេសលោក Pierre Tami តំណាងឲ្យមូលនិធិខាងលើ និងក្រសួងពាណិជ្ជកម្ម បានធ្វើឱ្យសមទ្ធិផលនេះកើតចេញជារូបរាងឡើង។ វិទ្យាស្ថានក៏គ្រោងនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងឆមាសទី២ឆ្នាំ២០១៧ ខាងមុខនេះ។

វិស័យទេសចរណ៍កម្ពុជាមានសិទិដ្ឋិនិយមថា នៅឆ្នាំ២០២០នឹងទទួលទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ និងទេសចរជាតិ ១០លាននាក់ ដែលតម្រូវឲ្យមានបុគ្គលិកជំនាញវិជ្ជាជីវៈទេសចរណ៍ជិត១លាននាក់ ក្នុងនោះជំនាញវិជ្ជាជីវៈផ្នែកម្ហូបអាហារ ជាជំនាញចាំបាច់បំផុតមួយក្នុងឧស្សាហកម្មទេសចរណ៍៕

photo_2016-11-23_13-48-37photo_2016-11-23_13-48-35photo_2016-11-23_13-48-36

មតិយោបល់