តាកែវ: អង្គភាពប្រឆាំងអំពើពុករលួយ នឹងបិទសំណុំរេឿង អភិបាលស្រុកអង្គបូរី ខេត្តតាកែវ ដែលលោកបំភ្លឺថា មិនពាក់ព័ន្ធរឿងសុីសំណូក ប៉ុន្តែអង្គភាពមួយនេះ មិនបានបដិសេធ បណ្តឹងរបស់ពលរដ្ឋ បន្តទៀតនោះឡើយ។
ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យុិនទៀង បានប្រាប់ Post News នៅយប់ថ្ងៃទី០២ ឧសភា ២០១៦ មុននេះបន្តិចថា អង្គភាព ប្រឆាំងអំពើពុករលួយ នឹងបញ្ចប់សំណុំរេឿងមួយនេះ ប្រសិនបើគ្មានការប្តឹងតវ៉ាបន្ថែម។ បើតាមលោក ទេសរដ្ឋមន្រ្តី រូបនេះ បានឱ្យដឹងថា៖ ” យើងស្វាគមន៍ បណ្តឹងរបស់ប្រជាពលរដ្ឋទៀត ប្រសិនបើគាត់ មិនសុខចិត្ត លើការបកស្រាយរបស់អភិបាលស្រុក “។ យោងតាមលិខិតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញផ្សាយ នៅថ្ងៃទី០២ ខែឧសភា នេះថា អភិបាលស្រុកអង្គរបុរី ខេត្តតាកែវ លោក ឌឹម គឹមសាន បានចូលបំភ្លឺ នៅ ACU ដោយបានបដិសេធទាំងស្រុង ទៅនឹងបទចោទប្រកាន់ សំណុំរឿងពុករលួយ។
បើតាមលិខិតរបស់ ACU បានបញ្ជាក់ថា ករណីទាំងនេះ មាន៣ រួមមាន៖ ទី១ បណ្ដែតបណ្ដាយ ឱ្យប្រជាពលរដ្ឋ លេងល្បែងស៊ីសង គ្រប់ប្រភេទ និងឱ្យមន្រ្តីនគរបាលស្រុកម្នាក់ ឈ្មោះ សល់ ដើរយកលុយពីវង់ល្បែងស៊ីសង រាល់ថ្ងៃ។ ទី២ ករណិមិនមានចំណាត់ការ លើមន្ត្រីនគរបាលព្រំដែន ឈ្មោះ សុខ យូរ យកលុយថ្លៃដឹកទំនិញ តាមទូកពីប្រជាពលរដ្ឋ ដែលឆ្លងកាត់ពីទីរួមស្រុក អង្គរបុរី តាមច្រក បាក់ដៃ ចូលប្រទេសវៀតណាម ក្នុងមួយទូក ចំនួន ១លានដុល្លារ និង ទី៣ ឃប់ឃិតជាមួយឈ្មោះ ម៉ាលា រត់ការជួលដី ឱ្យវៀតណាម ពីប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែន កម្ពុជា-វៀតណាម។
ACU បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើ លោក ឌឹម គឹមសាន បានិយាយបដិសេធទាំងស្រុង លើបទចោទប្រកាន់ ដោយបានអះអាងថា លោកមិនបានបណ្ដោយ ឱ្យប្រជាពលរដ្ឋ លែងល្បែងស៊ីសង និងមិនបានបញ្ជា ឱ្យមន្រ្តីនគរបាល ឈ្មោះ កែវ កុសល ហៅ ងោ ឱ្យដើរទារលុយ ពីអ្នកលែងល្បែងស៊ីសង រួមទាំង មិនបានឃប់ឃិត ជាមួយឈ្មោះ ម៉ាលា ដើម្បីរត់ការ ឱ្យជនជាតិវៀតណាម ជួលដីស្រែ ពីប្រជាពលរដ្ឋខ្មែរ ក៏មិនបានឱ្យគេយកលុយ ពីទូកប្រជាពលរដ្ឋ ចំនួន ១លានរៀល ផងទេ។
លោកថា លោកមិនបានស្គាល់គ្នា ជាមួយលោក ម៉ាលា ហើយក៏មិនបានអនុញ្ញាត ឱ្យនរណាម្នាក់ ធ្វើរឿងនេះដែរ។ ចំពោះជនជាតិវៀតណាមនោះ ពិតជាមាននៅប្រទេសកម្ពុជាមែន តែពួកគេ មកក្នុងនាមជាកម្មករជំនាញ ដូចជាដាក់ជី បាញ់ថ្នាំ ផ្លាស់ប្ដូរទំនិញ ជាដើម៕
មតិយោបល់