រតនគិរីៈ កម្លាំងនគរបាលស្រុកបរកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំកិចុង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនបរទេស២នាក់ ខណៈពួកគាត់ដើរពីស្រុកអូរជុំ ចូលមកលួចជីកត្បូងនៅចំណុចបឡយ ស្ថិតនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅពេលយប់ដោយដើរចូលផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះនៅតំបន់ខាងលើ។
នគរបាលប៉ុស្តិ៍ឃុំកិចុង បានឲ្យដឹងថាជនបរទេស២នាក់នេះ ទី១ឈ្មោះ អៀល ដា(IL DA) អាយុ៤៧ឆ្នាំ សញ្ជាតិរុស្ស៊ី មានទីកន្លែងកំណើតកាហ្សាក់ស្ថាន បច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ និងទី២មានឈ្មោះ ដានិល វូលីនស្គី (DANIL VOLINSKY) អាយុ៣១ឆ្នាំ ជនជាតិរុស្ស៊ី ទីកន្លែងកំណើតទីក្រុងម៉ូស្គូ បច្ចុប្បន្នស្នាក់នៅស្រុកអូរជុំ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកបរកែវធ្វើការត្រួតពិនិត្យពុំមានលិខិតឆ្លងដែននោះទេពោលគឺស្នាក់នៅដោយខុសច្បាប់ ហើយបច្ចុប្បន្នជនបរទេសទាំង២នាក់នេះត្រូវបានបញ្ជូនទៅសាកសួរបន្តនៅការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕
មតិយោបល់