ព័ត៌មានជាតិ

មន្ត្រីកងវិស្វកម្មម្នាក់ដាក់ពាក្យបណ្តឹងនគរបាលទេសចរណ៍ទៅតុលាការខេត្តពីបទបង្ករបួសស្នាម

រតនគិរី: ប្រជាពលរដ្ឋនៅក្នុងក្រុងបានលុង ខេត្តរតនគិរីជាច្រើននាក់ បានផ្ទុះកំហឹងជាខ្លាំងបន្ទាប់ពីកម្លាំងនគរបាលការិយាល័យទេសចរណ៍សហការជាមួយនឹងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានវាយក្បាលមួយទំហឹងមកលើអ្នកជិះម៉ូតូសង់កូរេមួយគ្រឿងដោយចោទថា អ្នកជិះម៉ូតូនោះជិះបុកសមត្ថកិច្ចកំពុងតែធ្វើការផាក់ពិន័យច្បាប់ចរាចរណ៍ផ្លូវគោកនៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុច ភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោក ឡាក់ វិចិត្រ មន្ត្រីនគរបាលទេសចរណ៍ និងជាអ្នកដៃដល់ បានចោទថា អ្នកជិះម៉ូតូឈ្មោះ ញឹម ចាន់ដារ៉ា ជាមន្ត្រីកងវិស្វកម្ម បានជិះម៉ូតូម៉ាកសង់កូរ៉េឌុបគ្នាចំនួន៣នាក់រួមទាំងក្មេងតូចម្នាក់មកបុកខ្លួន ពេលដែលកំពុងធ្វើការអនុវត្តច្បាប់តាមដងផ្លូវជាតិលេខ៧៨A ដោយអ្នកបើកបរម៉ូតូគ្មានគោរពច្បាប់ចរាចរណ៍ មិនបានពាក់មួកសុវត្ថិភាព។

លោក ញឹម ចាន់ដារ៉ា នាយរងកងវិស្វកម្មតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី បានឲ្យដឹងថា ពេលនោះលោកបានឌុបកម្មករចំនួន៣នាក់រួមទាំងក្មេងតូចម្នាក់ជិះម៉ូតូតែមួយ ដោយលោកបានសុំមន្ត្រីចរាចរណ៍ផ្នែកខាងដើមរួចហើយ តែមកដល់ខាងមុខទៀតមាននគរបាលម្នាក់ទៀតបានលើកដំបងរាំងនិងឈរបាំងពីមុខម៉ូតូ បណ្តាលឲ្យបុកត្រូវជើងសមត្ថកិច្ចបន្តិច ខណ:នោះសមត្ថកិច្ចឈ្មោះឡាក់ វិចិត្រ បានយកដំបងវាយគាត់មួយទំហឹងចំថ្ងាស់ខាងធ្វេងធ្វើឲ្យគាត់វិលមុខចង់ដួលម៉ូតូ ពេលនោះគាត់មានការខឹងសម្បាយ៉ាងខ្លាំងចំពោះសមត្ថកិច្ចដែលយកដំបងមកវាយក្បាលរបស់គាត់។

ប្រភពពីប្រជាពលរដ្ឋជាច្រើននាក់នៅកន្លែងកើតហេតុបានរិះគន់ថា ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោករបស់សមត្ថកិច្ចហាក់បីដូចជាហួសហេតុពេកហើយ វាយគាត់មួយដំបងហើយ នាំគ្នាចាប់គាត់វាយបន្ថែមទៀតរុញចូលក្នុងឡាន ហាក់បីដូចជាអ្នកទោសធ្ងន់ធ្ងរណាស់។ ក្រុមប្រជាពលរដ្ឋដែលបានឃើញទិដ្ឋភាពទាំងនោះបានសំណូមពរឲ្យថ្នាក់ដឹកនាំផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ផ្លូវគោកគួរតែធ្វើការកែតម្រូវឡើងវិញចំពោះសមត្ថកិច្ចដែលធ្វើការផាកពិន័យបច្ចុប្បន្ន តែងតែដាក់កម្លាំងនៅទីងងឹតពួនស្ទាក់ និងគ្មានដាក់ស្លាកសញ្ញាសម្គាល់ឲ្យឃើញដល់អ្នកធ្វើដំណើរតាមទោចចក្រយានយន្ត និងរថយន្ត។

លោក អ៊ុង សុភាព ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណ: បានឲ្យដឹងថា ករណីនេះលោកកំពុងឲ្យខាងការិយាល័យចរាចរណ៍ធ្វើការសម្របសម្រួល និងស្រាវជ្រាវថាតើរឿងនេះវាយ៉ាងណានោះ ប្រសិនបើមន្ត្រីរបស់លោកធ្វើខុសពិតប្រាកដមែននោះ លោកនឹងដកមកបញ្ឈរជើង ឬចាត់ការតាមក្រុមប្រឹក្សាវិន័យ និងច្បាប់នគរបាលជាតិ៕

photo_2016-11-26_19-39-09

photo_2016-11-26_19-39-11

photo_2016-11-26_19-39-13

photo_2016-11-26_19-39-15

photo_2016-11-26_19-39-17

photo_2016-11-26_19-39-19

មតិយោបល់