ព័ត៌មានជាតិ

ជនសង្ស័យ២នាក់បន្លំធ្វើជាទិញឥវ៉ាន់លួចយកកាបូបលុយនិងគ្រឿងអល័ង្ការអស់រាប់ពាន់ដុល្លារពីអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានជនមិនស្គាលមុខចំនួន០២នាក់ជាស្ត្រីបានធ្វើសកម្មភាពលួចយកកាបូបលុយនិងគ្រឿងអល័ង្ការពីអាជីវករលក់ដូរឥវ៉ាន់ចាប់ហួយនៅផ្សារហ៊ុយឡេងដែលមានទីតាំងភូមិស្រះឈូកខាងលិចឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១។
លោកវរសេនីយ៍ត្រីប៉ិកគឹមហ៊ាក់អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថានៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១មានឈ្មោះឈឿងប៊ុនឆុំភេទប្រុសអាយុ២៦ឆ្នាំនៅភូមិកណ្តាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកបានបតឹងថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១មានជនមិនស្គាល់មុខបានធ្វើសកម្មភាពបន្លំទិញបន្លែលួចយកកាបូបលុយម្តាយរបស់ខ្លួនឈ្មោះកាន់យឺងអាយុ៦០ឆ្នាំនៅភូមិកណ្ដាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក។
លោកអធិការរងបានបន្តថាក្រោយពីទទួលបានបណ្តឹងលោកបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានឆែកកាម៉ារ៉ាសុវត្ថិភាពបានឃើញមុខសញ្ញាធ្វើសកម្មភាពលួចយកកាបូបប្រាក់ប្រាកដមែនតែមើលមុខសញ្ញាមិនស្គាល់ទេនិយាយសំលេងមិនមែនជាអ្នកភ្នំស្រុកទេគឺមុខសញ្ញាក្រៅស្រុក។
លោកអធិការរងវរសេនីយ៍ត្រីប៉ិកគឹមហ៊ាកបានឲ្យដឹងថាទៀតថាករណីចោរលួចកាបូបលុយនេះប្រហែលជាម៉ោងព្រឹកថ្ងៃទី២២ម្ចាស់កាបូបមិនដឹងទេលុះដល់ម៉ោង១១ព្រឹកទើបម្ចាស់ដឹងថាបាត់កាបូបលុយខណ:ពេលម្ចាស់រកកាបូបលុយទៅទិញអីវ៉ាន់នៅផ្សារក្រុងសិរីសោភ័ណ្ឌទើបដឹងថាបាត់កាបូបប្រាក់។ក្នុងកាបូបនោះមាន៖១-ប្រាក់រៀលចំនួន៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀលគត់),២-ប្រាក់បាតចំនួន៣៨.០០០បាត(បីម៉ឺនប្រាំបីពាន់បាត),៣-ប្រាក់ដុល្លារចំនួន១០០$(មួយរយដុល្លារ),៤-កាតគ្រីម៉ូតូចំនួន២សន្លឹក,៥-កាតគ្រីឡានចំនួន១សន្លឹក,៦-អត្តសញ្ញាណប័ណសញ្ជាតិខ្មែរចំនួន២សន្លឹក,៧-លិខិតឆ្លងដែនចំនួន១ក្បាល,៨-ខ្សែរករផ្លាកទីនចំនួន១ខ្សែទំងន់០៥ជី,៩-ខ្សែរដៃមាសចំនួន០១ខ្សែទម្ងន់០៥ជី។បើពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាពឃើញមានស្ត្រីចំនួន០២នាក់អាយុប្រហែល៤០ឆ្នាំម្នាក់ពាក់អាវពណ៍សខោពណ៌កាហ្វេពាក់មួកស្លាបពណ៌ប្រផេះម្នាក់ទៀតពាក់អាវខាងក្រៅពណ៍ខ្មៅ(Adidas)ពាក់មួកស្លាបពណ៌កាហ្វេបានមកធ្វើសកម្មភាពទិញបន្លែដូចជាណាំង៉ូវត្រកួនត្រសក់និងមើមខ្ទឹមសរក្នុងពេលនោះម្ចាស់កាបូបមិនបានចាប់អារម្មណ៍ព្រោះរវល់លក់ដូរធ្វើឲ្យជនសង្ស័យក៏ឆ្លៀតឱកាសធ្វើសកម្មភាពចូលទៅក្នុងតូបលួចយកកាបូបដាក់លុយដែលទុកក្នុងធុងក្បែរកន្លែងគាត់អង្គុយលក់យកទៅបាត់គេចខ្លួនដោយសុវត្ថិភាព។
ករណីនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់