ភ្នំពេញ:ទីតាំងការដ្ឋានសំណង់មួយកន្លែង ដែលហ៊ានចាក់ខ្សាច់លុបអណ្តូងលូធ្វើឲ្យស្ទះការហូរទឹកសំអុយ នាំឲ្យផុលចេញលិច ពាសពេញផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជិតខាង និងជាពិសេសទៀតប៉ះពាល់ដល់ដំណើរ របស់ប្រជាពលរដ្ឋថែមទៀតនោះ ត្រូវបានអជ្ញាធរខណ្ឌដូនពេញ ចុះទៅអន្តរាគមន៍។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាមៗ លោកបានបញ្ជាឲ្យផ្នែកជំនាញខណ្ឌចុះទៅអន្តរាគមន៍កន្លែងទីតាំងនោះភ្លាមៗ ដើម្បីឲ្យម្ចាស់ការដ្ឋាននោះធ្វើយ៉ាងណា ត្រូវតែកាយខ្សាច់ដែលកប់លើអណ្តូងលូនោះចេញ ដើម្បីឲ្យការហូរទឹកសំអុយ តាមប្រព័ន្ទលូនោះ បានដំណើរការឡើងវិញផងដែរ។
អជ្ញាធរខណ្ឌដូនពេញ បានចុះបញ្ជាឲ្យម្ចាស់ការដ្ឋាន ដែលហ៊ានលុបអណ្តូងលូនោះកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១ កែង២១ ៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
អជ្ញាធរខណ្ឌដូនពេញបានបន្តទៀតថា នៅព្រឹកថ្ងៃនោះដែរ បន្ទាប់ពីកម្លាំងបានចុះណែនាំឲ្យម្ចាស់ការដ្ឋានសំណង់នោះ ធ្វើការស្តារខ្សាច់ចេញពីអណ្តូងលូឃើញថាប្រព័ន្ធបង្ហូរ ទឹកសំអុយបានដំណើរការឡើងវិញ ហើយកម្លាំងអជ្ញាធរបានបន្តចុះទៅរៀបចំសណ្ដាប់ធ្នាប់ នៅផ្លូវ១៣ សង្កាត់ផ្សារកណ្ដាល១ ព្រោះតែអ្នកលក់ទឹកកក បានចតឡានលើផ្លូវ បង្ករការកកស្ទះចរាចរ ស្ទើរតែរាល់ថ្ងៃនោះ៕
មតិយោបល់