ព័ត៌មានជាតិ

យកកន្ត្រៃចាក់បុរសម្នាក់ប្លន់យកម៉ូតូមិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈដែលរូបគាត់ឌុបម៉ូយប៉ះចំចោរយកកន្ត្រៃចាក់បណ្តាលឲ្យលិចមួយមួយកន្ត្រៃរបួសបំណងប្លន់យកម៉ូតូ តែមិនបានសម្រេចត្រូវជនរងគ្រោះស្រែកឆោឡោឲ្យគេជួយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពចាក់ប្លន់ជនរងគ្រោះតែមិនបានសម្រេចខាងលើនេះ មានឈ្មោះ យ៉េន សូដា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងផាន់ ឃុំសុតុំ ស្រុកគគង់ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ភាព ធឹម ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-7276 តែម្នាក់ឯងរត់ម៉ូតូឌុប ខណៈនោះស្រាប់តែមានជនសង្ស័យខាងលើ បានហៅម៉ូតូគាត់ឲ្យឈប់ដើម្បីជិះ លុះឌុបបានបន្តិចស្រាប់តែជនសង្ស័យបានដកកន្ត្រៃមកចាក់គាត់លិចមួយកន្ត្រៃបណ្តាលឲ្យរងរបួសធ្ងន់ដើម្បីប្លន់យកម៉ូតូ ប៉ុន្តែមិនបានសម្រេចត្រូវបានគាត់ស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាឡោមពទ្ធ័ចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង ដោយសារតែប្រជាពលរដ្ឋទប់កំហឹងមិនបានក៏វាយស្វាគមន៍ម្នាក់មួយដៃមួយជើង ឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

ប្លន់ប្លន់ប្លន់ប្លន់ប្លន់ប្លន់

មតិយោបល់