ព័ត៌មានជាតិ

គាស់តូចអាជីវករ លួចយកគ្រឿងអលង្ការកាឡៃបានសម្រេច ជាប់ខ្នោះសមត្ថកិច្ច

កណ្តាលៈ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំងនេះបានធ្វើសកម្មភាពគាស់សោទ្វារតូចលក់ដូររបស់អាជីវករនៅក្នុងផ្សារកោះទៀវលួចយកគ្រឿងអលង្ការកាឡៃ បានសម្រេចហើយព្យាយាមសម្ងំលាក់ខ្លួន។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្សារកោះធំ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ខាងលើនេះ ទី១មានឈ្មោះ ម៉ន ឌុល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ទី២ឈ្មោះ ម៉ន សុខា ភេទស្រី អាយុ៣១ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិ ឃុំជាមួយគ្នា។ ទី៣ឈ្មោះ សាន់ សុខជា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ជាងបិទស្គុតម៉ូតូ មានទីលំនៅភូមិ ឃុំជាមួយគ្នា។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន មេសោ ដែលមានស្នាមរបូតទម្ពក់ចេញចំនួន ៣, រណាអារដែកចំនួន១ ,ដែកកេះចំនួន ១, គ្រឿងអលង្ការកាឡៃ (លោហៈធាតុពណ៌លឿង លោហៈធាតុពណ៌ស) មាននាឡិកា ខ្សែក ខ្សែដៃ មួយចំនួនធំ សរុបជាទឹកប្រាក់ប្រមាណជាង ២,០០០,០០០រៀល ,និងកាបូបស្ពាយក្មេងប្រុស ចំនួន១ផងដែរ។

ចំណែកជនរងគ្រោះទី១មាន ឈ្មោះ អ៊ី លាងហ៊ង ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ កោះទៀវ”ក” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ និងជនរងគ្រោះទី២ឈ្មោះ ឡឹប វៃ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ជនរងគ្រោះទាំងពីរដែលជាអ្នកលក់ដូរនៅក្នុងផ្សារកោះទៀវ ក្បែរគ្នាជាយូមកហើយ ពុំធ្លាប់មានបាត់បង់ទ្រព្យសម្បត្តិអ្វីទេ។ ហើយពួកគាត់តែងតែបើកតូបលក់ដូររៀង រាល់ព្រឹក លុះល្ងាចឡើងក៏ចាក់សោទ្វារបិទតូបលក់ ហើយទៅសម្រាកនៅឯផ្ទះដោយគ្មានអ្នកណាម្នាក់នៅចាំតូបលក់នោះទេ ។ លុះនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ ម៉ោង ៦ព្រឹក ជនរងគ្រោះទាំងពីរនាក់បានមកបើកតូបលក់ដូររបស់ពួកគេរៀងៗខ្លួនដូចសព្វដង ពេលនោះស្រាប់តែឈ្មោះ អ៊ី លាងហ៊ង បានឃើញសោទ្វារតូបរបស់ខ្លួនត្រូវបានគេកាត់របូតទម្ពក់ចេញ ហើយខ្លួនបានចូលពិនិត្យក្នុងតូបឃើញថា បានបាត់គ្រឿងអលង្ការ កាឡៃ មួយចំនួនធំ ។ ចំណែកឈ្មោះ ឡឹប វៃ ក៏ដូចគ្នាអញ្ចឹងដែរ តែខ្លួនបាត់តែខោទ្រនាប់បុរសចំនួន៨ និងកាបូបស្ពាយចំនួន ១ប៉ុណ្ណោះ ។ ក្រោយមកជនរងគ្រោះទាំង២នាក់ ក៏រាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូនតែម្ដង។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញស្រុក សហការជាមួយនគរបាលប៉ុស្ដិ៍សំពៅពូន បានធ្វើការអង្កេតស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាសង្ស័យយ៉ាងយកចិត្តទុកដាក់។ លុះនៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨ ព្រឹកជនសង្ស័យឈ្មោះ ម៉ន សុខា បានយកលោហៈធាតុពណ៌ស(ខ្សែក ខ្សែដៃ )ទៅលក់នៅឯផ្សារកោះធំ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ពេលនោះម្ចាស់តូបលក់គ្រឿងអលង្ការមានការសង្ស័យ ក៏រាយការណ៍មកសមត្ថកិច្ចតែម្ដង ភ្លាមនោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ន សុខា យកមកសួរនាំ។

ក្រោយពីការសាកសួរជនសង្ស័យឈ្មោះ ម៉ន សុខា បានឆ្លើយថា គ្រឿងអលង្ការ(លោហៈធាតុពណ៌ស) នោះជារបស់ជនសង្ស័យឈ្មោះ សាន់ សុខជា ឲ្យខ្លួនយកទៅលក់។ សមត្ថកិច្ចបានបន្តស្រាវជ្រាវបន្តរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សាន់ សុខជា ភេទប្រុស និងឈ្មោះ ម៉ន ឌុល នៅពេលជាមួយគ្នា។ ភ្លាមនោះជនសង្ស័យ ម៉ន ឌុល និង សាន់ សុខជា បានសារភាពថា គ្រឿងអលង្កា (លោហៈធាតុពណ៌ស)នោះជារបស់ខ្លួន(សាន់ សុខជា) បានពីម៉ន ឌុល យកទៅឲ្យឈ្មោះ ម៉ន សុខា ទៅលក់ប្រាកដមែន។ ហើយនៅមានគ្រឿងអលង្ការកាឡៃ មួយចំនួន កាបូបស្ពាយមួយទៀតដែលពួកគេយកទៅលាក់ទុកនៅឯផ្ទះជនសង្ស័យ ឈ្មោះ សាន់ សុខជា រួចពួកគេបាននាំសមត្ថកិច្ចទៅចង្អុលបង្ហាញនៅកន្លែងដែលពួកគេលាក់ទុកនោះតែម្ដងដោយធ្វើការ ដកហូតយកគ្រឿងអលង្កាកាឡៃចំនួន មួយកាបូបស្ពាយនោះ និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ។

ក្រោយមកសមត្ថកិច្ចបានហៅជនរងគ្រោះទាំង២នាក់ មកពិនិត្យមើលគ្រឿងអលង្ការទាំងនោះ ក្រោយពីបានពិនិត្យរួចជនរងគ្រោះ អ៊ី លាងហ៊ង បានទទួលស្គាល់ថា គ្រឿង អលង្កា កាឡៃ ទាំងនោះគឺពិតជារបស់ខ្លួនដែលបានបាត់ ពិតប្រាកដមែន ចំណែកជនរងគ្រោះ ឡឹប វៃ បានទទួលស្គាល់ថា កាបូប ស្ពាយដែលដាក់គ្រឿងអលង្ការកាឡៃនោះ គឺពិតជារបស់ខ្លួនបានបាត់ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

លូចលូចលូចលូចលូចលូចលូច

មតិយោបល់