កំពង់ឆ្នាំងៈ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ លក្ខណៈទ្រង់ទ្រាយធំ នៅចំណុចកដប ស្ថិតជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់និងខេត្តកំពង់ធំ ដើម្បីការពារថែរក្សា និងអភិរក្សពូជត្រី នៅរដូវរំហើយនេះ។
លោក មិត្រ សុខសុភ័ក្រ នាយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានករណីដាក់បទល្មើសរបាំងសាច់អួនវែងៗបិតផ្លូវនៅចំណុចកដប ស្ថិតក្នុងព្រំប្រទល់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងកំពង់ធំរួចមកនោះ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង៦០នាក់ ដែលមានការចូលមកពីអធិការដ្ឋានរដ្ឋបាលជលផលទាំងខាងត្បូង និងខាងជើងបឹងទន្លេសាបកម្លាំងខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផលទាំង៣ខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង កម្លាំងយោធា និងមានការចូលរួមពីសហគមន៍នេសាទផងដែរ។នៅក្នុងកិច្ចប្រតិបត្តការនេះ សមត្ថកិច្ចបានប្រើប្រាស់កាណូតតូចធំចំនួន១៣គ្រឿង មកពីខេត្តទាំង៣។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបានរបាំងសាច់អួនចំនួន១៤របាំង,លបលូចំនួន២៨លប,សាច់អួនប្រវែង២៨០០ម៉ែត្រ, បង្គោល៨០០ដើម និងបានចាក់ព្រលែងត្រីគ្រប់ប្រភេទចូលទន្លេវិញចំនួន១៤០គីឡូក្រាម។លោកបន្តថា ការចុះបង្ក្រាបទ្រង់ទ្រាយធំលើកនេះ ដើម្បីបើកផ្លូវឲ្យត្រីគ្រប់ប្រភេទចរាចរណ៍ចុះមកក្រោមឲ្យប្រជានេសាទ បាននេសាទក្នុងរដូវបើកនេសាទនេះ។
ពាក់ពន្ធ័នឹងបញ្ហានេះដែរ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា ការបង្ក្រាបលើកនេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងត្រង់ចំណុចកដបនេះ គឺពុំមានបទល្មើសនោះទេ ព្រោះថាកន្លងមកគឺលោកបានឲ្យកម្លាំងសង្កាត់ និងផ្នែករដ្ឋបាលជលផលរបស់លោកបង្ក្រាប និងឃ្លាំមើលជាប្រចាំ ដោយសារចំណុចនោះ គឺជាផ្លូវត្រីធ្លាក់មកពីបឹងទន្លេសាប៕
មតិយោបល់