ភ្នំពេញៈ បើយើងធ្វើដំណើរតាមបណ្ដោយផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ យើងនឹងឃើញមានរថយន្តជាច្រើនគ្រឿង បានចតអមសងខាងផ្លូវបន្តកន្ទុយ ដូចដង្ហែកឋិនទានអ៊ីចឹង។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ បានរិះគន់ចំៗថា រកស៊ីយកលុយដាក់ហោប៉ៅខ្លួនឯងសោះ មិនចេះគិតពីគេ យកផ្លូវសាធារណៈ ធ្វើជាកន្លែងចតរថយន្តបន្តកន្ទុយគ្នា ចាប់តាំងពីព្រឹករហូតដល់ល្ងាច បណ្តាលឲ្យផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ។ ប្រជាលរដ្ឋបន្តថា មូលហេតុដែលមានរថយន្តចតកន្ទុយនេះ ដោយសារនៅតាមបណ្ដោយផ្លូវខាងលើ មានយាន្តដ្ឋានលាងរថយន្ត ផ្ទះសំណាក់រ៉ូហ្សាណា ផ្ទះសំណាក់ហង្សមាស ផ្ទះសំណាក់សំណង់១២ និងកន្លែងស្តុកក្តារកុងផ្លាកេផងដែរ។
ប្រជាពលរដ្ឋបន្តទៀតថា ទោះបីជាពួកគាត់ទៅប្រាប់សង្កាត់ជាច្រើនដងក៏ដោយ ក៏មិនដែលឃើញអាជ្ញាធរសង្កាត់មានវិធានការចាត់ការចំពោះអ្នកយកចិញ្ចើមផ្លូវ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ដោយឡែកសំណង់សង់រំលោភយកចិញ្ចើមផ្លូវនៅខាងត្បូងផ្សារសំណង់១២ មានការព័ទ្ធរបងដែកយកចិញ្ចើមផ្លូវដល់បង្គោលភ្លើង និងសំយ៉ាបជាដំបូលក្រឡេកមើលទៅ សូម្បីអ្នកធម្មតាមិនហ៊ានក្បែរ។ ទល់មុខផ្សារសំណង់១២ ហាងកាហ្វេសង់លយមកចិញ្ចើមផ្លូវនឹងបើកដំណើរការ ហើយបន្ទប់ជួលលើចិញ្ចើមផ្លូវក៏មានស្រាប់ជាប់គ្នា និងកន្លែងលក់រថយន្តយ៉ាងធំយកចិញ្ចើមផ្លូវដើម្បីចតរថយន្តផងដែរ។ សូមបន្ថែមរឿងតូបដែកផ្លូវ២១៨ កែងនិងផ្លូវ២៦១ មិនទាន់ឃើញរុះរើទេ។
ទាក់ទិនបញ្ហាខាងលើនេះ ប្រជាពលរដ្ឋបានប្រាប់ និងរាយការណ៍ជូនលោក ច័ន្ទ ហៃ ចៅសង្កាត់ទឹកល្អក់៣ រួចរាល់អស់ហើយ ដោយលោកគ្មានចម្លើយអ្វីក្រៅពីរង់ចាំថ្នាក់ខណ្ឌចាត់វិធានការទេ និងរវល់ចំពោះការងារកំពុងដោះស្រាយ៕
មតិយោបល់