ភ្នំពេញៈ រថយន្តម៉ាក KIA (CARENS) មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញយកប្លុងចោលតាំងពីយប់ថ្ងៃ២៩ វិច្ឆិកា ២០១៦ រហូតដល់ព្រឹកថ្ងៃទី៤ ធ្នូ ២០១៦នេះ នៅតែមិនមានអ្នកមកយកទៀត ទើបគណៈកម្មការចម្រុះចុះមកពិនិត្យនាវេលាម៉ោង៨និង៣០នាទីព្រឹក ដែលទីតាំងនេះ ស្ថិតនៅផ្លូវលំភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ វិច្ឆិកា ២០១៦ ប្រហែលជាម៉ោង១០យប់មានបុរសជាជនជាតិម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាកKIA(CARENS)ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AK-4612 មកចំណុចខាងលើ ដោយបើកក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ក៏ជាប់ផុងទៅមុខលែងរួច ហើយក៏ទុកចោលតែម្តង។ ប្រភពបន្តថា ពេលនោះបានឃើញបុរសជនជាតិបានចេញពីរថយន្តដើរទៅគោះទ្វារ ប្រជាពករដ្ឋ ហើយក៏ត្រូវប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមក ពេលសមត្ថកិច្ចមកដល់ បុរសខាងលើចេញទៅបាត់។
លោក ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់បានប្រាប់ថា នៅយប់ថ្ងៃទី២៩ វិច្ឆិកា២០១៦ ប្រហែលជាម៉ោង១២យប់ ប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិម្នាក់ស្រវឹងបានដើរអុកឡុកគេពេញភូមិ ពេលនោះគាត់បានឲ្យកម្លាំងចុះមកមើល ក៏ឃើញបុរសជាជនជាតិខាងលើដើរចេញទៅបាត់ ហើយសមត្ថកិច្ចក៏មិនដឹងថា ជនជាតិនេះបើករថយន្តមកជាប់ផុងនៅចំណុចខាងលើឡើយរហូតដល់ព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៦ ទើបដឹង។
លោកមេប៉ុស្តិ៍បានបន្តទៀតថា រហូតដល់ព្រឹកថ្ងៃទី៤ ធ្នូ ២០១៦នេះ នៅមិនទាន់មានម្ចាស់មកយករថយន្តខាងលើចេញទៀត លោកក៏រាយការណ៍ទៅថ្នាក់លើ និងបានបង្កើតគណៈកម្មការចម្រុះចុះមកពិនិត្យ ហើយយករថយន្តទៅរក្សាទុកនៅសង្កាត់ក្រាំងធ្នងតែម្តង៕




មតិយោបល់