ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខេត្តព្រះសីហនុប្រារព្ធទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន”

ខេត្តព្រះសីហនុៈ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរខេត្តប្រារព្ធទិវាកុមារអន្តរជាតិ០១ មិថុនា ខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន” និងខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ក្រោមប្រធានបទ “រួមគ្នាបញ្ចប់ពលកម្មកុមារ នៅក្នុងសង្វាក់ផលិតកម្ម” បានប្រារព្ធឡើងនៅសាលាសកលវិទ្យាល័យបៀលប្រាយ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាកុមារអន្តរជាតិ០១ មិថុនា ថាកុមារនៅទូទាំងពិភពលោក ពិសេសកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ចូលរួមចំណែកធ្វើកិច្ចការការពារសិទ្ធិកុមារ និងការរំលោភបំពានដោយអំពើហិង្សានានា ដូចជាបញ្ហាគ្រឿងញៀន បើសិនជាកុមារ និងយុវជនយើងបដិសេធគ្រឿងញៀនទាំងអស់គ្នា វាគ្មាននរណាជក់ និងប្រើប្រាស់គ្រឿងញៀន ហើយអ្វីដែលចោទឡើង គឺកុមារ និងយុវជនរបស់យើងបានសេពគ្រឿងញៀន ហើយក្លាយទៅជាទីផ្សាររបស់ក្រុមជួញដូរគ្រឿងញៀន ដែលមន្ត្រីរបស់យើង ក៏ដូចអង្កការសង្គមស៊ីវិលមួយចំនួនកំពុងប្រតិបត្តិការក្នុងខេត្តព្រះសីហនុ ធ្វើការងារយ៉ាងយកចិត្តទុកដាក់ ។

លោកអភិបាលខេត្តបានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានកំណត់ការងារកុមារ ជាការងារអាទិភាពមួយក្នុងកម្មវិធីនយោបាយ និងបានបញ្ចូលការងារកុមារក្នុងឯកសារយុទ្ធសាស្ត្រជាតិ ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងគោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំពារ និងការការពារកុមារកំព្រា និងកុមារងាយរងគ្រោះ និងគោលការណ៍ការពារសិទ្ធិកុមាររងគ្រោះ ដោយសារការជួញដូរ គោលការណ៍ជាតិស្ដីពីអាហារូបត្ថម្ភយុទ្ធសាស្ត្រជាតិស្ដីពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងគោលការណ៍ណែនាំ សម្រាប់ការអនុវត្តការចូលរួមរបស់កុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយប្រសិទ្ធភាព និងតម្លាព។

លោកអភិបាលខេត្តបានបន្តទៀតថា ភារកិច្ចរបស់យើង គឺជួយការពារកុមារ ងាយរងគ្រោះថ្នាក់បំផុត ប្រសិនបើគ្មានការយកចិត្តទុកដាក់ចូលរួមសហការ និងការពារកុមារពីការរំលោភបំពាន ការកេងប្រវញ្ចកម្លាំងពលកម្មលើកុមារកម្ពុជា ។ យើងត្រូវចូលរួមលើកស្ទួយសិទ្ធិកុមារ និងលុបបំបាត់អំពើហិង្សា ការជួញដូរគ្រប់ប្រភេទរួមទាំងការជួញដូរផ្លូវភេទ និងការធ្វើអាជីវកម្មលើពលកម្មកុមារតាមគ្រប់រូបភាព ។ យើងបន្តសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីរួមគ្នាការពារ និងលើកស្ទួយសិទ្ធិកុមារ និងលុបបំបាត់អំពើកេងប្រវ័ញ្ច និងជួញដូរកម្លាំងពលកម្មកុមារគ្រប់ប្រភេទនៅទូទាំងប្រទេស។

លោកអភិបាលខេត្តធ្វើការអំពាវនាវឪពុកម្តាយ និងអាណាព្យាបាល សូមបញ្ឈប់ការធ្វើអំពើហិង្សាគ្រប់រូបភាពមកលើកុមារ ហើយសូមចូលរួមទប់ស្កាត់ កុំឱ្យកុមារសេពគ្រឿងញឿន ធានាថា កុមារនៅទូទាំងប្រទេសកម្ពុជា ជាពិសេសកុមារនៅខេត្តព្រះសីហនុ ដើម្បីការពារ និងលើកស្ទួយសិទ្ធិកុមារ ឱ្យកាន់តែល្អប្រសើរ គ្នានការរកេងប្រវ័ញ្ចពលកម្មកុមារ គ្នានអំពើហិង្សា និងគ្នានគ្រឿងញៀន៕

photo_2016-06-01_11-40-51photo_2016-06-01_11-40-54photo_2016-06-01_11-40-56photo_2016-06-01_11-40-58photo_2016-06-01_11-41-00photo_2016-06-01_11-41-03photo_2016-06-01_11-41-05

មតិយោបល់