ព័ត៌មានជាតិ

ប្តីកាប់ប្រហារប្រពន្ធនឹងកាំបិតផ្គាក់ធ្លាយខួរស្លាប់

ពោធិ៍សាត់ៈ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម បន្ទាប់ពីប្តីទាញកាំបិតផ្គាក់កាប់ប្រហារដោយគ្មានញញើតដៃ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចត្រពងពង្ស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុបុរសជាប្តីត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីប្រើអំពើហិង្សាដោយចេតនាទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់។ សមត្ថកិច្ចបញ្ជាក់ថា ជនបង្កជាប្តីមានឈ្មោះ ឆេង សារិត ហៅ វិត អាយុ៣៥ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកប្រពន្ធដែលស្លាប់មានឈ្មោះ សួន ធី អាយុ៤០ឆ្នាំ។ សមត្ថកិច្ចបញ្ជាក់ទៀតថា ស្រ្តីរងគ្រោះត្រូវប្តីកាប់ចំក្បាលផ្នែកខាងក្រោយ ប្រវែង១៧សង់ទីម៉ែត្រ បណ្តាលឲ្យធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បើតាមការអះអាងពីអ្នកភូមិក្បែរខាងប្រាប់សមត្ថកិច្ចថា ពេលដែលបុរសជាប្តីកាប់ប្រហារទៅប្រពន្ធនោះ គឺគាត់ស្ថិតនៅក្នុងស្ថានភាពស្រវឹងស្រា ហើយជារឿយៗ បុរសជាប្តីពេលស្រវឹងស្រាម្តងៗ តែងតែរករឿង និងបង្កហិង្សាដល់ប្រពន្ធជានិច្ច។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយកមកអធិការដ្ឋានដើម្បីកសាងសំណុំបញ្ជូនទៅកាន់សាលាខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯ សាកសពប្រពន្ធ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-12-05_15-06-40ប្តីកាប់ប្រពន្ធប្តីកាប់ប្រពន្ធប្តីកាប់ប្រពន្ធប្តីកាប់ប្រពន្ធ

មតិយោបល់