កំពង់ចាមៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋរាយការណ៍មក និងមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្តាត តាម៉ាត់តាហ៊ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិខាងលើ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងមាន ប្រភេទម្សៅក្រាមពណ៌សថ្លា ហៅម៉ាទឺកកកចំនួន៥កញ្ចប់តូច ទម្ងន់០.៩២ក្រាម ទូរសព្ទដៃ១គ្រឿងម៉ាកណូគាចុចពិល និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



មតិយោបល់